ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋជាង ២០០គ្រួសារ ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ កំពុងខ្វះទឹកប្រើប្រាស់ ត្រូវបានសមត្ថកិច្ចដឹកទឹកផ្តល់ជូន

ចែករំលែក៖

ខេត្តកំពត ៖ ដោយសារអាកាសធាតុក្តៅខ្លាំង បានធ្វើឱ្យតំបន់មួយចំនួន ក្នុងខេត្តកំពត អាចប្រឈមនឹងកង្វះទឹកប្រើប្រាស់។ ក្នុងនោះពលរដ្ឋជាង ២០០គ្រួសារ ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ កំពុងខ្វះទឹកប្រើប្រាស់ ត្រូវបានសមត្ថកិច្ចដឹកទឹកផ្តល់ជូន។

សូមបញ្ជាក់ថា ៖ ការណ៍នេះ ស្នងការនគរបាលខេត្តកំពត បានដាក់បទបញ្ជាដល់អធិការដ្ឋាននគរបាលតាមបណ្តាក្រុង-ស្រុកទាំងអស់ ដែលមានរថយន្តពន្លត់អគ្គិភ័យ ឱ្យត្រៀមកម្លាំងដើម្បីដឹកទឹកស្អាតចែកជូនពលរដ្ឋដែលខ្វះខាតប្រើប្រាស់។

 ពេញមួយថ្ងៃ នៃថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានដឹកទឹកស្អាត ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ដែលមនាជាង ២៣០គ្រួសារ ប្រមាណ ៦០ម៉ែត្រត្រីគុណ។

 លោក អ៊ន គ្រីស នាយរងការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋានខេត្តំពត បានឱ្យដឹងថា ផ្អែកតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត គឺពេញមួយថ្ងៃនៃថ្ងែទី២៩ ខែមេសា កម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យបានដឹកជញ្ជូនទឹកស្អាតចំនួន ៦រថយន្ត ស្មើនឹង ៦០ម៉ែត្រត្រីគុណ យកទៅចែកជូនប្រជាពលដ្ឋចំនួន ២៣០គ្រួសារ និងវត្តមួយ ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ដែលកំពុងខ្វះខាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ 

 លោកនាយរងការិយាល័យ បានបន្តថា កម្លាំងរបស់លោកនឹងបន្តចុះចែកនៅមូលដ្ឋានដែលខ្វះខាតទឹកប្រើប្រាស់ ស្របតាមការណែនាំពីលោកស្នងការខេត្តបន្តទៀត ដោយមិនបណ្តែតបណ្តោយឱ្យប្រជាពលរដ្ឋដាច់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនោះឡើយ ។

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក៏សូមអរគុណលោកអធិការស្រុកកំពង់ត្រាចនិងសហការី ដែលដឹកនាំដោយលោកអធិការរង បានដឹកទឹកចែកជូនប្រជាពលរដ្ឋនៅភូមិកោះទ្រមួង ឃុំបឹងសាលាខាងជើងដែលខ្វៈខាតទឹកប្រើប្រាស់ ៕

ដោយ ៖ សិលា


ចែករំលែក៖