ខេត្តសៀមរាប៖ ថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៤នៅសណ្ឋាគារ រ៉ូយ៉ាល អង្គរ រីសត ខេត្តសៀមរាបគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិ សុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវបានបើកកិច្ចប្រជុំពិភាក្សាគ្នាលើកទី២ ដើម្បីពិនិត្យវឌ្ឍនភាពកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខព្រំដែនប្រទេសទាំងពីរ និងបន្តរៀបចំយន្តការទាក់ទងទៅនឹងរបៀបរបបការងាររបស់គណៈកម្មការផងដែរ។
ភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះកងយោធ ពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវខណៈភាគីឡាវ ដឹកនាំដោយ ឧត្តម សេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ និងជាប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនឡាវ-កម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ លើកឡើងថា គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា- ឡាវ មានភារកិច្ចដ៏សំខាន់នៅក្នុងការសម្របសម្រួលផ្នែកសន្តិសុខ របៀបរៀបរយធ្វើឲ្យព្រំដែនមានសន្តិភាព បង្កលក្ខណៈឲ្យស្ថាប័នជំនាញសហការគ្នាទប់ស្កាត់រាល់ល្មើសនានា និងការអភិវឌ្ឍន៍។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែម ដើម្បីឲ្យការអនុវត្តទទួលបានជោគ ជ័យ គណៈកម្មការប្រទេសទាំងពីរត្រូវតែប្រកាន់ភ្ជាប់នូវគោលការណ៍សន្តិភាព មិត្តភាព ហើយរាល់បញ្ហាដែលបានកើតឡើងត្រូវដោះស្រាយដោយសន្តិវិធី និងគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមកផងដែរ។
ជាមួយនោះត្រូវជំរុញឲ្យទំនាក់ទំនងរបស់កងទ័ពប្រទេសទាំងពីរក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងជាអ្នកជិតខាងល្អ ជាពិសេសបណ្ដាអង្គភាពតាមបណ្ដោយព្រំដែន ធ្វើការទំនាក់ទំនងគ្នា ផ្លាស់ប្ដូរព័ត៌មានគ្នា ដោយបង្កើតឲ្យមានការលេងកីឡា សិល្បៈ និងបន្តយន្តការការងាររបស់គណៈកម្មការប្រទេសទាំងពីរ។
ឧត្តមសេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស ឯកភាពចំពោះការលើកឡើងរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ហើយសន្យាបន្តពង្រឹងកិច្ចសហការក្នុងការថែរក្សាការពារសន្តិសុខតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរឲ្យក្លាយជាព្រំដែនសន្តិភាព បញ្ជៀសឲ្យបានរាល់ការប៉ះទង្គិចគ្នា ដោយសហការទប់ស្កាត់រាល់បទល្មើសនានា ដូចជាអំពើភេរវកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿង ញៀន ការជួយដូរអាវុធយុត្តិភ័ណ្ឌ ការជួញដូរវត្ថុបុរាណ ការកាប់បំផ្លាញព្រៃឈើ ។ល។
ជាមួយគ្នានោះ បន្តពង្រឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ក្នុងការអប់រំប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនឱ្យយល់ដឹងពីច្បាប់ និងសេចក្តីកំណត់ផ្សេងៗរបស់ប្រទេសទាំងពីរ ជៀស វាងការប្រព្រឹត្តអំពើមើលច្បាប់ និងសកម្មភាពដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព តាមបណ្តោយព្រំដែនប្រទេសទាំងពីរ៕
ដោយ៖ សូរិយា