សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ បានផ្សាយថា មន្ត្រីទីក្រុងប៉េកាំង បានឱ្យដឹងថា ក្រុមប៉ាឡេស្ទីនដែលជាគូប្រជែងនឹងគ្នា គឺក្រុម Hamas និងក្រុម Fatah ទើបតែបានជួបមុខគ្នានៅទីក្រុងប៉េកាំងនាពេលថ្មីៗនេះ ដើម្បីបើកកិច្ចពិភាក្សាស៉ីជម្រៅទៀងត្រង់ ស្តីពីកិច្ចប្រឹងប្រែងផ្សះផ្សាជាតិប៉ាឡេស្ទីន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយដូច្នេះថា «អ្នកតំណាងមកពីចលនារំដោះជាតិប៉ាឡេស្ទីន (Fatah) និងចលនាតស៊ូអ៊ិស្លាម (Hamas) នាពេលថ្មីៗកន្លងទៅនេះបានធ្វើដំណើរមកកាន់ទីក្រុងប៉េកាំង។ ភាគីទាំងពីរបានបង្ហាញចេញយ៉ាងពេញលេញ នូវឆន្ទៈនយោបាយរបស់ពួកគេ ដើម្បីឆ្ពោះទៅសម្រេចឱ្យបាន ការផ្សះផ្សាជាតិ តាមរយៈកិច្ចសន្ទនានិងការពិគ្រោះយោបល់ ហើយបានជជែកអំពីបញ្ហាជាក់លាក់ជាច្រើន ព្រមទាំងទទួលបានវឌ្ឍនភាពវិជ្ជមានមួយចំនួន»។
ក្រុម Hamas បានដណ្តើមការគ្រប់គ្រងនៅតំបន់ Gaza Strip កាលពីឆ្នាំ២០០៧ ក្រោយផ្ទុះសង្រ្គាមស៉ីវិលជាមួយក្រុម Fatah ដែលសព្វថ្ងៃនេះមានសិទ្ធិគ្រប់គ្រងផ្នែករដ្ឋបាលក្នុងកម្រិតមួយ ពោលគឺពុំពេញលេញនោះឡើយ នៅឯតំបន់ West Bank ដែលស្ថិតក្រោមការត្រួតត្រារបស់អ៉ីស្រាអែល តាមរយៈអាជ្ញាធរប៉ាឡេស្ទីន។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានអំពាវនាវម្តងហើយម្តងទៀតឱ្យមានបទឈប់បាញ់ជាបន្ទាន់ ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមបច្ចុប្បន្នរវាងប្រទេសអ៉ីស្រាអែលនឹងក្រុម Hamas កាលពីខែតុលា ឆ្នាំ២០២៣ នៅពេលក្រុមអ្នកប្រយុទ្ធរបស់ Hamas បានឆ្មក់ចូលវាយលុកលើអ៉ីស្រាអែល ជាហេតុបណ្តាលឱ្យមនុស្សខ្ទង់១,២០០នាក់ស្លាប់ ភាគច្រើនជាជនស៉ីវិល។ រីឯប្រតិបត្តិការយោធាសងសឹករបស់អ៉ីស្រាអែលមកទល់ពេលនេះ បានផ្តាច់ជីវិតមនុស្សកើនដល់យ៉ាងហោច៣៤,៥៣៥នាក់ហើយ នៅតំបន់ Gaza។ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានអំពាវនាវឱ្យមានសន្និសីទសន្តិភាពអន្តរជាតិមួយ ដើម្បីដោះស្រាយវិបត្តិសង្រ្គាមនេះ៕ ដោយ៖ ធីរីណា
រូបថត៖ flash9