ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកចាក់សម្លាប់ស្ត្រីរងគ្រោះមិនញញើតដៃ ប្រឈមមុខជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ កន្លង ទៅលោក ម៉ែន រត្ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញឃុំខ្លួនជាបណ្តោះអាសន្ន លើជនសង្ស័យជាឃាតក ដែលផ្លោះរបងចូលទៅចាក់សម្លាប់ស្ត្រីម្នាក់នៅក្នុងផ្ទះមិនញញើតដៃ ដើម្បីរង់ចាំពេលវេលាកាត់ទោសទៅតាមផ្លូវច្បាប់ ។ 

តាមដីកាសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរបញ្ជាក់ថា បានឃើញ មាត្រា ២០៦ មាត្រា ២១៩ មាត្រា ២២១ និងមាត្រា ២២២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ បានឃើញសំណុំរឿងព្រហ្មទណ្ឌ លេខ ២៥៤៨ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃើញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ដែលទាក់ទិន នឹងឈ្មោះ លឹម គីណែត ភេទប្រុស អាយុ២៥ ឆ្នាំ មានទីកន្លែងកំណើតភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មានទីលំនៅបច្ចុប្បន្នភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ឃាត់ខ្លួនថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤) ។ 

ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ.ឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅចំណុចផ្ទះលេខ៣១ បុរីពិភពថ្មីឈូកវ៉ា២ ផ្លូវលេខ៣៦ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ  កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បទល្មើសដែលបញ្ញតិឲ្យផ្តន្ទាទោស តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ។ មាត្រា ២០០ បទឃាតកម្មគិតទុកជាមុន.ឃាតកម្មគិតទុកជាមុន គឺអំពើសម្លាប់ដោយគិតទុកជាមុន ឬដោយការពួនស្ទាក់ ។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើងមុនអំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ ។ ការពួនស្ទាក់ គឺជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ ក្នុរយៈពេលមួយរយៈដើម្បីប្រព្រឹត្តអំពើបៀតបៀន ទៅលើបុគ្គលនៃជនរងគ្រោះ ។ ឃាតកម្មគិតទុកជាមុន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។

សូមរម្រឹកថា ឃាតកដែលចាក់សម្លាប់ស្រ្តីម្នាក់ដល់ក្នុងផ្ទះ រហូតដល់ស្លាប់រួចអារ ក សម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនស្លាប់កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅផ្ទះលេខ៣១ ផ្លូវ៣៦ បុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះ បានបន្តសារភាពយ៉ាងសុីជម្រៅថែមទៀត នូវមូលហេតុដែលនាំឲ្យខ្លួនផ្ទុះកំហឹងផ្ដាច់ជីវិតស្រ្តីរូបនោះ។ ដែលប៉ុន្មានថ្ងៃមុននេះជនដៃដល់បានសារភាពថា មួយជំហ៊ានថាខ្លួនមានទំនាក់ទំនងស្នេហាជាមួយនារីរងគ្រោះរយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្តែមិនដែលបានជួបគ្នាផ្ទាល់ទេគឺទំនាក់ទំនងតាមរយៈឆាតហ្វេសប៊ុក ។ ខ្លួនមិនបានដឹងថា ខាងនារីរងគ្រោះមានប្តីនិងកូននោះទេ ហើយចំណែកខាងនាងក៏មិនបានប្រាប់ឲ្យខ្លួនដឹងថានាងមានប្ដីមានកូននោះដែរ មិនតែប៉ុណ្ណោះខ្លួនក៏បានផ្ញើជាលុយកាក់ឲ្យនាងជាហូរហែថែមទៀតផង ។ លុះពេលបែកធ្លាយដឹងថានាងមានប្ដីមានកូន ជាហេតុធ្វើឲ្យខ្លួនមានកំហឹងនិងគំនុំ ព្រោះតែនារីរងគ្រោះបោកប្រាស់ទំនុកចិត្តខ្លួនក៏ចាក់សម្លាប់តែម្ដង។

ប៉ុន្តែក្រោយពេលនគរបាលជជីកសួរជាបន្តបន្ទាប់ទៀតចុងក្រោយនេះជនដៃដល់បានសារភាពកាន់តែសុីជម្រៅថែមទៀត ដោយបានប្រាប់នគរបាលថា តាមពិតខ្លួននិងនារីរងគ្រោះ ជាសង្សារនឹងគ្នានិងបានស្រឡាញ់គ្នារយៈពេល៦ឆ្នាំមកហើយ មិនមែន២ឆ្នាំទេ ។ មិនតែប៉ុណ្ណោះបានផ្ញើរលុយឲ្យនាងជាបន្តបន្ទាប់សរុបទឹកប្រាក់ចំនួន៨ម៉ឺនដុល្លារ ដើម្បីឲ្យនាងបើកម៉ាតរកសុីនិងរស់នៅជាមួយគ្នានៅខ្មែរ ប៉ុន្តែក្រោយមកពេលសួររកលុយដែលផ្ញើរឲ្យនាងទុក និងម៉ាតឲ្យនាងបើករកសុីនោះស្រាប់តែនាងឆ្លើយថាអត់ ហើយដឹងថានាងមានប្ដីនិងមានកូនថែមទៀតនោះ ទើបសម្លាប់ចោល។ ចម្លើយសារភាពនេះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុសួរចម្លើយជាលាយលក្ខណ៍អក្សរ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់លើជនសង្ស័យផងដែរ។

សូមជម្រាបជូនដល់ប្រិយមិត្តអ្នកអាន និងទស្សនាផងដែរថា ការចុះផ្សាយនូវរឿងរ៉ាវនេះសារព័ត៌មានយើងមិនមានបំណងទម្លាក់កំហុសណាមួយទៅលើជនរងគ្រោះដែលបានស្លាប់ទៅហើយ ដែលមិនអាចបកស្រាយរឿងរ៉ាវបាននោះទេ ។ យើងក៏ពុំបានជឿជាក់លើការបកស្រាយតែម្ខាងរបស់ឃាតកទាំងស្រុងនោះដែរ ប៉ុន្តែទាំងនេះគ្រាន់តែចង់បង្ហាញពីអ្វីដែលជនដៃដល់អះអាង អំពីដើមចមដែលនាំឲ្យកើតរឿងតែប៉ុណ្ណោះ ។ ដូច្នេះសូមប្រិយមិត្តទាំងអស់មេត្តាជ្រាប ហើយអាននិងទស្សនាប្រកបដោយគតិយុត្តិធម៌ និងវិនិច្ឆ័យត្រឹមត្រូវ ព្រមទាំងខមិនក្នុងភាពថ្លៃថ្នូរផងចុះ។ ព្រោះអ្នកដែលជាតួអង្គក្នុងរឿងនេះនិងដឹងរឿងច្បាស់បំផុតនោះគឺមានតែ២នាក់ប៉ុណ្ណោះ ទី១គឺជនរងគ្រោះ ប៉ុន្តែនាងស្លាប់បាត់ទៅហើយ និងទី២គឺឃាតកម្នាក់នេះឯង។ 

ទោះជាយ៉ាងណាជននេះពិតជាសាហាវព្រៃខ្លាំងបំផុតដែលហ៊ានលើកដៃចាក់សម្លាប់មនុស្សទាំងថ្ងៃដោយមិនញញើតដៃ សូម្បីតែប្រជាពលរដ្ឋនាំគ្នាយកដំបងនិងដុំថ្មគប់ឲ្យបញ្ឈប់សកម្មភាពយ៉ាងណាក៏មិនព្រមឈប់ឡើយ ដូច្នេះសូមច្បាប់ផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុត ដើម្បីឲ្យព្រលឹងវិញ្ញាណក្ខ័ន្ធស្រ្តីរងគ្រោះទទួលបានយុត្តិធម៌ផង។

ខាងក្រោមនេះគឺជាចម្លើយសារភាពរបស់ជនដៃដល់ដែលជាឃាតកឈ្មោះ លឹម គីណែត អាយុ២៥ឆ្នាំ មុខរបរលក់ស្បែកជើងបានបំភ្លឺប្រាប់ដល់នគរបាលដូច្នេះថា៖ ខ្ញុំនិងជនរងគ្រោះឈ្មោះ មាស លក្ខិណា ភេទស្រី អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ជាមួយគ្នា។ ហើយពួកយើងទាំង២នាក់បានស្រលាញ់គ្នារយៈពេល៦ឆ្នាំកន្លងមកហើយ ពួកខ្លួនបានជួលផ្ទះនៅជិតកន្លែងកើតហេតុ និងស្នាក់នៅជាមួយគ្នា មួយរយៈ រួចខ្ញុំក៏បានទៅធ្វើការ និងរកសុីជាអ្នកលក់ស្បែកជើងនៅផ្សារប្រទូសណាម ក្នុងប្រទេសថៃ ហើយពួកយើងទាំង២នាក់មានគោលបំណងបើករកសុីផ្សារម៉ាតនៅខ្មែរ ហើយខ្ញុំរកលុយបានតែងតែផ្ញើរមកឲ្យជនរងគ្រោះរហូត សរុបទឹកចំនួន៨០,០០០ដុល្លារ(ប្រាំបីម៉ឺនដុល្លារ)អាមេរិក ។ ក្រោយមកទៀតពេលបុណ្យចូលឆ្នាំខ្មែរ ខ្ញុំត្រឡប់មកពីប្រទេសថៃវិញ ក៏បានមកជួបជនរងគ្រោះដើម្បីសួររកលុយ ដើម្បីបើកម៉ាត ពេលនោះជនរងគ្រោះប្រាប់ថាគ្មានលុយទេ ហើយខ្ញុំខឹងក៏ត្រឡប់ទៅផ្ទះឯស្រុកកំណើតវិញ។ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ខ្ញុំបានមកពីស្រុកកំណើតវិញដេកនៅក្នុងផ្ទះសំណាក់មួយកន្លែងក្បែរស្ពានអាកាសផ្លូវក្រវាត់ក្រុង បន្ទាប់មកបានហៅរថយន្តម៉ាកព្រូសពណ៌ក្រហមមិនចាំស្លាកលេខ ជារថយន្តឈ្នួលជិះមកផ្ទះរបស់ជនរងគ្រោះ នៅបុរីពិភពថ្មីឈូកវ៉ា២ ផ្ទះលេខ៣១ ផ្លូវលេខ៣៦ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រួចបានឲ្យរថយន្តដឹកទៅទិញកាំបិតនៅផ្សារឈូកវ៉ា២តម្លៃ១២,០០០រៀល ហើយជិះមកផ្ទះជនរងគ្រោះម្ដងទៀត រួចក៏បានចុះពីលើរថយន្ត ដោយមិនទាន់ឲ្យលុយរថយន្តឈ្នួលចំនួន២៥,០០០រៀលទេ ។ ខ្ញុំក៏ផ្លោះរបងចូលផ្ទះជនរងគ្រោះរួចសួររឿងលុយជនរងគ្រោះម្ដងទៀត ហើយជនរងគ្រោះឆ្លើយថាគ្មានលុយបើកម៉ាត ខ្ញុំខឹងក៏យកកាំបិតចុងស្រួចចាក់សម្លាប់ជនរងគ្រោះ ហើយក៏អារ ក សម្លាប់ខ្លួនតែមិនស្លាប់ ក៏ត្រូវសមត្ថកិច្ចនគរបាលចុះទៅទាន់ឃាត់ខ្លួនបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យរុស្សុី ។ ក្រៅពីនេះជនសង្ស័យបានបដិសេធន៍ថា ខ្លួនមិនធ្លាប់ជាប់គុក និងប្រើប្រាស់គ្រឿងញៀនឡើយ ហើយក៏នៅតែនិយាយថាអត់ដឹងថាស្រ្តីរងគ្រោះមានប្ដីនិងមានកូនដដែល៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖