ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធទី១ ខែឧសភា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលធ្វើឡើងក្រោមប្រធានបទ «សហគ្រាស​មួយ​ជា​សហគមន៍សុខសាន្តមួយ»។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ ដូចខាងក្រោម​៖

-សម្ដេចធិបតី ប្រកាសដាក់ចេញគោលការណ៍ដល់ក្រសួងស្ថាប័នជំនាញត្រូវប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យក្នុងកាលទេសអាកាសធាតុឡើងកម្ដៅខ្លាំងបែបនេះ។ 

-សម្ដេចធិបតី បានបញ្ជាឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកងកម្លាំងជំនាញគ្រប់ផ្នែកយកចិត្តទុកដាក់ក្នុងការត្រៀមទប់ស្កាត់ និងសង្គ្រោះប្រជាពលរដ្ឋនៅគ្រប់ពេលវេលា។

-សម្ដេចធិបតី ថ្លែង​ណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យមើល  បើសិនជាអាកាសធាតុឡើងកម្ដៅខ្លាំងលើស ៤០អង្សា ក្រសួងអប់រំ អាចមានសិទ្ធិផ្អាកការសិក្សានៅតាមសាលារៀនជាបន្ទាន់ ដើម្បីការពារចំពោះសុខភាពកុមារ។

-សម្ដេចធិបតី ថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ « ជាពិសេសនៅតាមសាលាក្មេងតូចៗ ថ្ងៃណាពាក់ព័ន្ធនឹងសីតុណ្ហភាពឡើងលើស ៤០ដឺក្រ(អង្សារសេ) សូមឱ្យពិនិត្យមើល ទីមួយម៉ោងពេលវេលារៀន ព្រោះក្ដៅខ្លាំងជាពិសេសម៉ោង១០ ម៉ោង២ហ្នឹង ចឹងកែម៉ោងទៅ កុំឱ្យចូល គិតគូររឿងទឹកការប្រើប្រាស់ហូប ហើយបើចាំបាច់ គឺប្រគល់សិទ្ធិឱ្យគណៈគ្រប់គ្រងបើសិនជាក្ដៅខ្លាំងលើស៤០ដឺក្រ ហើយសាលាមិនអំណោយផលអាចមានសិទ្ធិផ្អាកការសិក្សាថ្ងៃនោះ កុំឱ្យ(សិស្ស)អង្គុយយូរ»។

-សម្ដេចធិបតី ថ្លែង​ថា សម្ដេចបានបង្កើតក្រុមការងារអន្តរាគមន៍ពិសេសរបស់នាយករដ្ឋមន្រ្ដីមួយ សម្រាប់តាមដាន ពិនិត្យការងារផ្សេងៗដែលបានដាក់ចេញហើយជាប់គាំង ឬមិនដំណើរការល្អ ដើម្បីជំរុញការងារនោះឱ្យសម្រេចបាន ឬក៏ត្រូវវះកាត់ចេញ។

-សម្ដេចធិបតី ថ្លែង​ស្នើឱ្យកែលម្អប្រព័ន្ធផ្លូវរថភ្លើងទាំងអស់ ដើម្បី អាចឱ្យរថភ្លើងអាចបើកបានក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។

-សម្ដេចធិបតី ប្រកាសអរគុណជាថ្មីដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានចេញគាំទ្រយ៉ាងផុសផុលចំពោះ «គម្រោងព្រែកជីកហ្វូណនតេជោ»។

-សម្ដេចធិបតី ថ្លែង​ប្រកាសជាថ្មីម្ដងទៀតថា គម្រោងព្រែកជីកហ្វូណន តេជោ ដាច់ខាតត្រូវតែធ្វើឱ្យខាងតែបាន ហើយរាជរដ្ឋាភិបាលមិនទទួលយកថវិកាពីពលរដ្ឋដើម្បីយក មកជីកព្រែកនេះនោះឡើយ។

-សម្ដេចធិបតី ថ្លែង​ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្ដើម នៅក្នុងឆ្នាំ២០២៤ នេះ ហើយបើយូរបំផុតនៅត្រឹមដើមឆ្នាំ២០២៥។

-សម្ដេចធិបតី ថ្លែង​ថា មានក្រុមប្រឆាំងជ្រុលនិយមមួយក្រុមនៅក្រៅប្រទេសកំពុងរៀបចំធ្វើ ចលនាប្រឆាំងមិនគាំទ្រចំពោះ«គម្រោងព្រែកជីកហ្វូណនតេជោ»។ សម្ដេចធិបតី បញ្ជាក់ថា ពួកអ្នកគិតខុស ហើយមិនជោគជ័យទេ ពីព្រោះពួកអ្នកប្រឆាំងការកសាង និងអភិវឌ្ឍន៍សមិទ្ធផជាផលប្រយោជន៍ជាតិ ដែលមានប្រជាពលរដ្ឋរាប់លាននាក់ទាំងក្នុង និងក្រៅប្រទេសបានគាំទ្រ។

-សម្ដេចធិបតី ថ្លែងថា​ គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនបម្រើ តែផលប្រយោជន៍របស់កម្ពុជាប៉ុណ្ណោះនោះទេ តែក៏ដើម្បីបម្រើផលប្រយោជន៍ដល់ប្រទេសក្នុងតំបន់ រួមទាំងវៀតណាម និងឡាវផងដែរ។

-សម្ដេចធិបតី ថ្លែង​ថា​ អំពាវនាវដល់ជនរួមជាតិទាំងអស់ សូមរួមសាមគ្គីគ្នាការពារផលប្រយោជន៍ជាតិ ការពារសន្តិភាព ការពារការរីកចម្រើនរបស់ជាតិ និងបញ្ជៀសកុំឱ្យ ធ្លាក់ទៅក្នុងអន្ទាក់របស់ប្រទេសមហាអំណាចជាថ្មី។

-ឆ្លើយតបការចោទថា កម្ពុជាខ្ចីលុយរដ្ឋចិន ដើម្បីជីកព្រែកហ្វូណនតេជោ សម្ដេចធិបតី​ បានតបទៅវិញថា កម្ពុជា គឺចាប់ដៃជាមួយក្រុមហ៊ុនឯកជនចិន ដើម្បីយកថវិការជីកព្រែកជីកហ្វូណន មិនមែនខ្ចីលុយរដ្ឋចិនដើម្បីជីកទេ។

-សម្ដេចធិបតី ថ្លែង​ថា​ ការឆ្លើយតបបែបនេះ គឺឆ្លើយតបទៅនឹងការចោទប្រកាន់ពីសំណាក់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលចោទថាកម្ពុជា ខ្វីលុយពីរដ្ឋាភិបាលចិនដើម្បីជីកព្រែក។

-សម្ដេចធិបតី ថ្លែង​ថា​ សូមកុំមានការបារម្ភព្រួយចំពោះគម្រោងព្រែក ជីកហ្វូណនតេជោ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធផ្លូវទឹកធម្មជាតិនោះអី ព្រោះថា ទឹកទន្លេមេគង្គ និង ទឹកទន្លេសាប ដែលបានហូរទៅសមុទ្ទដោយមិនមានរបាំងទប់នោះ គឺទឹកបានហូរក្នុងមួយវិនាទី មានចំនួនប្រមាណ ១៨០០០ ម៉ែត្រគូប ចំពោះគម្រោងព្រែកជីកហ្វូណនតេជោវិញ មានរបាំងការពារ ដែលអនុញ្ញាតឱ្យទឹកហូរទៅសមុទ្រក្នុងមួយវិនាទីត្រឹម ៣.៦ ម៉ែត្រគូបប៉ុណ្ណោះ។

-សម្ដេចធិបតី ថ្លែងថា ឆ្នាំនេះរាជរដ្ឋាភិបាលបានវិនិយោគ និងដាក់គោលនយោបាយមួយចំនួនផ្ដោតទៅលើវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនធំៗចំនួន ៤៤ បានដាក់គម្រោងវិនិយោគឡើងវិញ ក្នុងនោះ ក្រុមហ៊ុនចំនួន ៨ បានឯកភាព និងចាប់ផ្ដើមដំណើរការឡើងវិញហើយ។

-សម្ដេចធិបតី​ បានចេញមកប្រតិកម្មតបទៅ កាន់ក្រុមប្រឆាំងជ្រុលនិយមថា ករណីផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ ជាបញ្ហាបច្ចេកទេស មិនមែនជាបញ្ហាកងទ័ពបះបោរ ដូចក្រុមប្រឆាំងបំផ្លើសឡើយ។

-សម្ដេចធិបតី ថ្លែងស្នើដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវចេញ មកពន្យល់ជាបន្ទាន់ក្នុងនាមជំនាញ ដើម្បីពលរដ្ឋ និងសាធារណជនបានយល់ច្បាស់ពីការងារបច្ចេកទេស ដើម្បីបញ្ជៀសការវាយប្រហារពីក្រុមអគតិ។

-សម្ដេចធិបតី​ ថ្លែងថា រាជរដ្ឋាភិបាលមានមហិច្ឆតា អភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យក្លាយជាកំពង់ផែតំបន់និងមជ្ឈមណ្ឌលឡូជិស្ទីកតំបន់ដែលអាចទាក់ទាញនាវាដឹកទំនិញធំៗ ចូលមកលើកដាក់ទំនិញជាលក្ខណៈអន្តរជាតិបាន។

-សម្ដេចធិបតី​ ថ្លែងថា វិស័យកំពង់ផែ ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានាដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដែលត្រូវបង្កើនថវិកាវិនិយោគ កៀរគរហិរញ្ញប្បទាន ដើម្បីបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែឱ្យកាន់តែរីកចម្រើនថែមទៀត។

-សម្ដេចធិបតី​ ថ្លែង​ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានចាត់ទុកជាច្រកសេដ្ឋកិច្ចជាតិដែលមានចរិតជាអង្គភាពយុទ្ធសាស្ត្រក្នុងការទ្រទ្រង់សកម្មភាពពាណិជ្ជកម្មអន្តរជាតិសម្រាប់បង្កើនសេដ្ឋកិច្ចកន្លងមក នាពេលបច្ចុប្បន្ន និងតទៅអនាគត។

-សម្ដេចធិបតី​ ថ្លែង​បញ្ជាក់​ថា កំពង់ផែនេះមិនត្រឹមតែបង្កើនចំណូលនៅនឹងកន្លែងនោះទេ ប៉ុន្តែអាចជាចលករសម្រាប់បង្កើនសេដ្ឋកិច្ចខេត្តព្រះសីហនុ តំបន់ឆ្នេរសមុទ្រនៅប្រទេសយើងទាំងមូលតែម្ដង។ ហេតុនេះហើយបានជាយើងមានមហិច្ឆតា២០៥០ មិនមែនត្រឹមតែធ្វើឱ្យក្លាយជាផែទឹកជ្រៅនៅព្រះរាជាណាចក្រកម្ពុជានោះទេ គឺប្រែក្លាយផែនេះទៅជាកំពង់ផែនតំបន់ និងមជ្ឈមណ្ឌលឡូជិស្ទីកតំបន់ទៀតផង។

បេីតាមការ​បញ្ជាក់ពី​លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គ្រោងនឹងពង្រីក សមត្ថភាពបន្ថែមទៀត តាមរយៈគម្រោងសាងសង់ ចំណតផែ កុងតឺន័រ ទឹកជ្រៅថ្មី -ជំហានទី២ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦,៥ ម៉ែត្រ និងចំណតផែ កុងតឺន័រ ទឹកជ្រៅថ្មី-ជំហានទី៣ មានប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ ម៉ែត្រ រួមជាមួយនឹង គម្រោង បំពាក់ ឧបករណ៍ បច្ចេកទេសទំនើបៗផ្សេងៗ ដើម្បី គាំទ្រដល់ប្រតិបត្តិការ របស់កំពង់ផែឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយស្តង់ដារខ្ពស់ផងដែរ៕

ដោយ​៖ស​ តារា


ចែករំលែក៖