ព័ត៌មានទាន់ហេតុការណ៍៖

លោកឧកញ៉ាមហាមន្រ្តី បាននាំយកនូវព្រះរាជអំណោយជូនដល់ក្រុមគ្រួសារសពយោធិនទាំង ២០រូប ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមអមដំណើរ លោកឧកញ៉ាមហាមន្រ្តី គុយ សុផល ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ដែលបាននាំយកនូវព្រះរាជអំណោយជូនដល់ក្រុមគ្រួសារសពយោធិនទាំង ២០រូប ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ ។

សូមបញ្ជាក់ថា ៖  នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤  នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមអមដំណើរ លោក ឧកញ៉ា មហាមន្រ្តី គុយ សុផល ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ដែលអញ្ជើញជាព្រះរាជតំណាងអធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបាននាំយកនូវព្រះរាជអំណោយឧបត្ថម្ភដល់គ្រួសារសព ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខដល់គ្រួសារយោធិនពលី ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ  នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានតំណាងដ៏ខ្ពស់ខ្ពស់នាំយកនូវអំណោយរបស់ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានឧបត្ថម្ភបន្ថែមជូនដល់ក្រុមគ្រួសារសពយោធិនពលី ទាំង២០រូប ផងដែរ។ ក្នុងនោះក៏នៅមានអំណោយសប្បុរសជនមួយចំនួនទៀតដូចជា អំណោយលោក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេបញ្ជាការរងកងទ័ពជើងគោក អំណោយសាលាភូមិន្ទរដ្ឋបាល អំណោយលោកឧកញ៉ា ឡេង ដារិទ្ធ និងលោកស្រី អំណោយលោកស្រី ហេង ពៅ និងអំណោយលោក លី សេងហុង។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងតំណាងក្រុមគ្រួសារនៃសព សូមក្រាបថ្វាយបង្គំ និងអរព្រះគុណ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្ទព្រះរាជហឫទ័យប្រោសប្រទានព្រះរាជអំណោយជូនដល់កូនចៅ ក្រុមគ្រួសារសព និងសូមសម្ដែងនូវការគោរពថ្លែងអំណរគុណ ថ្នាក់ដឹកនាំ និងសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភថវិកា ជូនដល់គ្រួសារយោធិនពលីទាំង ២០រូប៕

ដោយ ៖ សិលា


ចែករំលែក៖