ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃពុធទី១ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវចេញមកពន្យល់ជាបន្ទាន់ក្នុងនាមជាអ្នកជំនាញ ដើម្បីឱ្យប្រជាពលរដ្ឋនិងសាធារណជនបានយល់ច្បាស់ពីការងារបច្ចេកទេស ចៀសវាងការវាយប្រហារតាមរយៈព័ត៌មានប្រឌិតមួលបង្កាច់ការពិត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ មិនត្រូវចាំទុកឱ្យនាយករដ្ឋមន្រ្តី ជាអ្នកចេញមុខបកស្រាយបំភ្លឺតែម្នាក់ឯងនោះទេ ពោលគឺក្រសួង ស្ថាប័នជំនាញ ដែលជាអ្នកទទួលខុសត្រូវផ្ទាល់លើការងាររបស់ខ្លួន ត្រូវចេញមកពន្យល់បកស្រាយ ដោយធ្វើប្រតិកម្មរហ័ស ប្រតិកម្មឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវជំរុញការផ្សព្វផ្សាយឱ្យបានទូលាយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា នៅពេលមានបញ្ហា ក្រសួង ស្ថាប័ននានា មិនមែនចេញសេចក្តីបំភ្លឺតែក្រដាសមួយសន្លឹកហើយចប់នោះទេ ត្រូវតែធ្វើការផ្សព្វផ្សាយទាំងអស់នៅតាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋលោកបានដឹងពីការពិត។
សម្តេចធិបតីបានពន្យល់យ៉ាងដូច្នេះថា៖ «ដូចមិញខ្ញុំបញ្ជាក់ទៅឯកឧត្តម ប៉េង ពោធិ៍នា ឯកឧត្តម ស៊ុន ចាន់ថុល បើគេវ៉ៃអារឿងហ្នឹង គេលើកមកបំភ្លៃនៅបញ្ហារឿងកំពង់ផែនៅកំពត ត្រូវតែចេញទៅពន្យល់ភ្លាម ប្រជាពលរដ្ឋគាត់អត់ដឹង គាត់ជាម្ចាស់ប្រទេស គាត់ក៏មានសិទ្ធិបារម្ភ ថាតើផែដែលយើងនិយាយមែនទែន មិនដើរមែនឬអី យើងត្រូវមានសិទ្ធិការពារ ហើយកុំឱ្យខ្ញុំការពារម្នាក់ឯង។ ក្រសួងស្ថាប័នជំនាញត្រូវប្រតិកម្មរហ័ស ហើយប្រតិកម្មឱ្យគ្រប់ជ្រុងជ្រោយ កុំចេញតែក្រដាសតែមួយសន្លឹកនៅក្នុងផេករបស់ខ្លួន ហើយចប់ ដល់ទៅមើលមានតែ១០ view ដល់ពេលដែលគេវ៉ៃយើងគេមើលរាប់លាន ត្រូវផ្សព្វផ្សាយទាំងអស់ ដាក់ចូលក្នុងប្រព័ន្ធផ្សព្វផ្សាយឱ្យគ្រប់ ឱ្យប្រជាពលរដ្ឋយើងដឹង ថាការពិតវាអ៊ចេះ» ៕
ដោយ ៖ សិលា