ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យដំណើរការការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ឱ្យចូលបម្រើការងារក្នុងក្រសួងអប់រំ យុវជន និងកីឡា

ចែករំលែក៖

ភ្នំពេញ​ ៖​ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានចុះពិនិត្យសកម្មភាពតាក់តែងវិញ្ញាសា របស់គណៈមេប្រយោគ នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ ចូលបម្រើការងារក្នុងក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នាមណ្ឌលប្រឡងស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ខណៈនេះ គណៈកម្មការមេប្រយោគ កំពុងដំណើរការរៀបចំ និងតាក់តែងវិញ្ញាសា សម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ យ៉ាងសស្រាក់សស្រាំ និងដោយសម្ងាត់ពីសាស្ត្រចារ្យជំនាញ ព្រមទាំងមានតាមដានមើលពីអ្នកសង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យនានា និងសាធារណជនដែលបានចុះឈ្មោះស្ម័គ្រចិត្ត។

សូមបញ្ជាក់ថា វិញ្ញាសាកំពុងតាក់តែងលើមុខវិជ្ជាសំណួរពហុចម្លើយពាក់ព័ន្ធនឹងវប្បធម៌ទូទៅ និងមុខវិទ្យាឯកទេសទី១ ឬមុខវិជ្ជាឯកទេសសម្រាប់ប្រភេទបរិញ្ញាបត្រ ដែលការប្រឡងប្រជែងនឹងចាប់ផ្តើមនៅម៉ោង ១២:០០នាទី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖