ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមហ៊ុន TOYOTA TSUSHO Manufacturing (CAMBODIA) ឱ្យបន្តពិនិត្យលើសក្តានុពលថ្មីៗរបស់កម្ពុជាថែមទៀត ជាពិសេស លទ្ធភាព ពង្រីកការប្រើប្រាស់ផលិតផល និងវត្ថុធាតុដើមដែលមានស្រាប់ក្នុងស្រុក រួមទាំង ការផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃក្នុងស្រុក ទៅនឹងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន និង បណ្តារោងចក្រដៃគូនៅក្នុងតំបន់នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិវបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្ត តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឹរឹង ខេមបូឌា ឯក (Toyota Tsusho Manufacturing Cambodia) នៅតំបន់សេដ្ឋកិច្ច ពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ដែលបានបោះទុនវិនិយោគប្រមាណ ៣៦,៨ លានដុល្លាអាមេរិក និងមាន បុគ្គលិកសរុបចំនួន ១៥០នាក់ ជាមួយនឹងមានសមត្ថភាពដំឡើងរថយន្តពីរប្រភេទ បានចំនួន ១៣២០ គ្រឿង សម្រាប់ឆ្នាំ២០២៤ ក្នុងនោះ ទី១- ប្រភេទ SUV ម៉ាក Toyota Fortuner ចំនួន ២៩០ គ្រឿង និងទី២- ប្រភេទ មួយបាំងកន្លះ (Pick-up truck) ម៉ាក Toyota Hilux ចំនួន ១.០៣០ គ្រឿង ។ នេះជាវឌ្ឍនភាពថ្មីដ៏ល្អ វិសេសមួយទៀត សម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជាយើង និយាយដោយឡែក និងក៏ជាសញ្ញាដ៏វិជ្ជមានមួយ សម្រាប់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និយាយជារួម។
ក្នុងពិធីដ៏អធិកអធម សម្តេចមហាបវធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរ ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក របស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ដែលបានពង្រីកធុរកិច្ច របស់ខ្លួន ជាមួយនឹងទំនុកចិត្ត និងការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការបណ្តាក់ទុនបន្ថែមលើអាជីវកម្មរបស់ខ្លួន ពីលើការនាំចូលរថយន្តម៉ាកតូយ៉ូតាគ្រប់ប្រភេទទាំងស្រុង មកជាការដំឡើងរថយន្តទាំងពីរប្រភេទក្នុងស្រុក ជាមួយការវិនិយោគ និងដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តថ្មីមួយនេះ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ប្រកបដោយសក្តានុពលខ្ពស់នៅកម្ពុជា ។ ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតារបស់ ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) នេះ គឺជាការសក្ខីភាពបង្ហាញនូវទំនុកចិត្ត និង សក្តានុពលនៃប្រទេសកម្ពុជា ជូនបណ្តាវិនិយោគិននានា ដែលកំពុងចាប់អារម្មណ៍លើឱកាសវិនិយោគនៅ កម្ពុជា ។ ទន្ទឹមនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ឱ្យបន្តពិនិត្យលើសក្តានុពលថ្មីៗរបស់កម្ពុជាថែមទៀត ជាពិសេស ពិនិត្យលទ្ធភាពពង្រីក ការប្រើប្រាស់ផលិតផល និងវត្ថុធាតុដើម ដែលមានស្រាប់ក្នុងស្រុក រួមទាំងការផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃក្នុងស្រុក ទៅនឹងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន និងបណ្តារោងចក្រដៃគូនៅក្នុងតំបន់ ។ ជាមួយនេះ សម្តេចធិបតី បានអរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានគាំទ្ររាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ស្ទើរតែគ្រប់ដំណាក់កាលនៃការវិវត្តន៍ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងដំណាក់កាលជាង ៣០ឆ្នាំ កន្លងមកនេះ ពោលគឺចាប់ពីដំណាក់កាលជាប្រទេសផ្តល់ជំនួយ ដ៏ធំមួយរបស់កម្ពុជា ក្លាយជាប្រទេសដែលខិតខំកៀរគរ ជ្រោមជ្រែង ប្រមូល និងបង្កើនបរិមាណវិនិយោទុននិងវិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជា ។ សម្តេច ក៏បានបង្ហាញនូវក្តីសង្ឃឹម និងជឿជាក់ថា រដ្ឋាភិបាល និងវិនិយោគិនជប៉ុន នឹងបន្តជំរុញការវិនិយោគបន្ថែមទៀតលើវិស័យយានយន្ត ក៏ដូចជាវិស័យផ្សេងៗទៀតនៅព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនោះដែរ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា នេះ គឺជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្នែកលើជំនាញ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥ សំដៅរួមចំណែកដល់ការបង្កើតតម្លៃបន្ថែ មខ្ពស់ ដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ការបង្កើតការងារ ការបង្កើនប្រាក់ចំណូលសមស្រប និងជីវភាពកាន់តែប្រសើរ ឡើងជូនបងប្អូនប្រជាពលរដ្ឋយើង ។ ជាមួយនេះ ព្រះរាជាណាចក្រកម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្លួនជា មជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿងបង្គំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅ ទីផ្សារក្នុងតំបន់ និងសកលលោក ដែលការសម្រេចបានចក្ខុវិស័យនេះ នឹងនាំមកជាផ្លែផ្កាវិជ្ជមានជាច្រើន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ដើម្បីសម្រេចបានចក្ខុវិស័យនេះ ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ វិស័យយានយន្ត និង អេឡិចត្រូនិកកម្ពុជា បានកំណត់វិធានការគន្លឹះជាអាទិភាពតាមផ្នែកចំនួន ៥ រួមមាន ១- យុទ្ធសាស្ត្រ និងការសម្របសម្រួលអន្តរស្ថាប័ន ២- ធនធានមនុស្ស និងនវានុវត្តន៍ ៣- ហេដ្ឋារចនាសម្ព័ន្ធ ៤- កិច្ចសម្រួលពាណិជ្ជកម្ម និង៥- បរិយាកាសធុរកិច្ច និងការវិនិយោគ ។
ជាចុងក្រោយ សម្តេចមហាបវរធិបតី បានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តការយកចិត្តទុកដាក់អនុវត្តនូវការផ្សារភ្ជាប់គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនៅក្នុងវិស័យឧស្សាហកម្ម ទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ក៏ដូចជាផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងការតម្រង់ទិសទីផ្សារ កំណត់ផែនផលិតកម្មអាទិភាព និងបង្កើនលក្ខខណ្ឌអំណោយផល ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម ។ ជាមួយគ្នា សម្តេចធិបតី បានលើកទឹកចិត្តបងប្អូនជាកម្មករ និយោជិតបម្រើការនៅរោងចក្រនេះខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាពនិងព្យាយាមក្រេបជញ្ជក់យកចំណេះដឹង បច្ចេកវិទ្យា និងបទពិសោធន៍ការងារល្អៗ ដើម្បីបំណិនជីវិត និងឈានទៅបង្កើនជំនាញឱ្យកាន់តែខ្ពស់ថែមទៀត ព្រមទាំងចូលរួមថែរក្សានូវបរិយាកាសការងារ និងរួមចំណែកលើកកម្ពស់នូវការជឿជាក់លើកម្លាំងពលកម្មក្នុងស្រុក ក៏ដូចជាបង្ហាញសមត្ថភាព និងផលិតភាពការងារដ៏ខ្លាំងពូកែរបស់កូនខ្មែរយើង៕
ដោយ ៖ សិលា