ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤

បងប្អូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាទីស្រឡាញ់រាប់អានទាំងអស់គ្នា!

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ពិតជាមានសេចក្តីសោមនស្សយ៉ាងក្រៃលែង សូមចូលរួមអបអរសាទរជាមួយបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងប្រកបមុខរបរ អាជីពវិជ្ជាជីវៈសារព័ត៌មាននៅព្រះរាជណាចក្រកម្ពុជា និងនៅលើពិភពលោកទាំងមូល នៅក្នុងឱកាស នៃការប្រារព្ធ «ទិវាសេរីភាពសារព័ត៌មានពិភពលោក» លើកទី៣១ ឆ្នាំ២០២៤ នេះ ប្រព្រឹត្តទៅក្រោម ប្រធានបទ «សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាព នៃវិបត្តិបរិស្ថាន» ដែលបង្ហាញ ពីសារៈសំខាន់នៃតួនាទីសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ក្នុងបរិបទនៃវិបត្តិបរិស្ថានសកល នាពេលបច្ចុប្បន្ន។ ការប្រារព្ធទិវាសេរីភាពសារព័ត៌មាននេះឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សិទ្ធិ សេរីភាពសារព័ត៌មាន និងសេរីភាព នៃការបញ្ចេញមតិ លើកកម្ពស់ឯករាជភាពនៃប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានពហុនិយម និងការការពារនិងផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មានដែលបំពេញវិជ្ជាជីវៈត្រឹមត្រូវ ស្របតាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ។

ក្នុងឱកាសទិវាសេរីភាពសារព័ត៌មាននេះ ខ្ញុំសូមធ្វើការកត់សម្គាល់ថា លំហសេរីភាពសារព័ត៌មាន នៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អ និងឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ ធ្នាប់ល្អប្រសើរ។ ស្ថានភាពសេរីភាពនៃការបញ្ចេញមតិ នៅតែស្ថិតក្នុងបរិយាកាសអំណោយផល ព្រោះថា អ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរី ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។

ច្បាប់ស្តីពីរបបសារព័ត៌មាន ពាក់ព័ន្ធនឹងសិទ្ធិនិងសេរីភាពខាងសារព័ត៌មាន បានកំណត់ពីការត្រួតពិនិត្យ មុនពេលបោះពុម្ពផ្សាយត្រូវបានហាមឃាត់ ដើម្បីរក្សានូវឯករាជ្យនៃសារព័ត៌មាន។ រដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលស្គាល់នូវការគោរពសិទ្ធិមនុស្ស ដូចមានចែងនៅក្នុងធម្មនុញ្ញអង្គការ សហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញានិងអនុសញ្ញាទាំងអស់។

ក្នុងយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន» របស់ក្រសួងព័ត៌មាន ខ្ញុំសូមវាយ- តម្លៃខ្ពស់ចំពោះការផ្តួចផ្តើមរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាការកំណត់និយាមស្តង់ដាប្រតិបត្តិ ស្តីពីក្រមសីលធម៌អ្នកសារព័ត៌មាន ដើម្បីដាក់ចេញនូវវិធានការទប់ស្កាត់ និងលុបបំបាត់ការបំពានក្រម សីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន។ ទន្ទឹមនេះ ការយកចិត្ត ទុកដាក់លើការកសាងនិងអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មានតាមរយៈការរៀបចំការបណ្តុះបណ្តាល នានាជាកត្តាចាំបាច់ ដែលក្នុងន័យនេះ ខ្ញុំសូមគាំទ្រលើទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន ស្តីពី ការពង្រឹងបទដ្ឋានបច្ចេកទេសនិងការទទួលខុសត្រូវវិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្សនិងបណ្តុះ ស្មារតីមនសិការវិជ្ជាជីវៈ ក្នុងដំណើរការការដ្ឋានកំណែទម្រង់របស់ខ្លួន។

ដើម្បីលើកកម្ពស់គុណភាពសារព័ត៌មាន អ្នកសារព័ត៌មានត្រូវឈរលើគោលការណ៍ជាមូលដ្ឋាន នៃការគោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ នៅលើពិភពលោក អ្នកសារព័ត៌មាន បានបំពេញ តួនាទីដ៏សំខាន់ក្នុងការចូលរួមកែលម្អចំណុចខ្វះខាតនៅក្នុងសង្គម និងបាននាំយកព័ត៌មានពីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ និងនាំមកវិញនូវព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហា ឱ្យទាន់ពេលវេលា និងសុខុដុមនីយកម្មក្នុងសង្គម ចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ។ អ្នកសារ ព័ត៌មានអាជីព ដែលគោរពវិជ្ជាជីវៈ គឺប្រៀបបានជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងដ៏មានប្រសិទ្ធភាពអំពី បញ្ហាសង្គម។ ខ្ញុំសូមបងប្អូនសារព័ត៌មានបន្តចូលរួមលើកស្ទួយវិស័យព័ត៌មាន ដោយប្រតិបត្តិឱ្យបាន ខ្ជាប់ខ្ជួននូវវិជ្ជាជីវៈសារព័ត៌មាន និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងលុបបំបាត់ ព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ បង្កឱ្យកើតមានអរិភាព និងការបែកបាក់សាមគ្គីភាពជាតិ។ ខ្ញុំសូមគាំទ្រចំពោះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោម ប្រធានបទ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ។

បច្ចុប្បន្នវិស័យសារព័ត៌មានបានប្រឈមជាមួយការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេក- វិទ្យាទំនើប ដូចជាឥទ្ធិពលនៃបញ្ញាសិប្បនិមិត្ត ដែលកំពុងជ្រៀតចូលយ៉ាងខ្លាំងក្នុងវិស័យព័ត៌មាន។ ជាមួយនេះ មានការកើនឡើងនូវសារព័ត៌មានអនឡាញ និងការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនង សង្គម ដែលគ្មានវិជ្ជាជីវៈ និងផ្សព្វផ្សាយព័ត៌មាន ដែលមានចរិតបំពុលសង្គម ញុះញង់ឱ្យកើតមានវិបត្តិ នៅក្នុងសង្គម និងការប្រើប្រាស់រូបភាពធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ អរិយធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ជាតិ។ បញ្ហាប្រឈមទាំងនេះ ចាំបាច់យើងត្រូវចូលរួមដោះស្រាយទាំងអស់គ្នា។

បងប្អូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាទីស្រឡាញ់

ដើម្បីកាត់បន្ថយការបំពានក្រមសីលធម៌ និងលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន គួបផ្សំនឹងតម្រូវ ការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ឆ្លើយតបនឹងការវិវត្តនៃ សង្គមជាតិ ខ្ញុំសូមផ្តល់នូវអនុសាសន៍មួយចំនួនជូនក្រសួងព័ត៌មានក្នុងការយកចិត្តទុកដាក់៖

ទី១. លើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរក្សា នូវក្រមសីលធម៌ និងគុណភាពការងារ។

ទី២. បន្តពិនិត្យលិខិតបទដ្ឋានច្បាប់ និងបទដ្ឋានគតិយុត្តទាំងឡាយដែលនៅជាធរមាន ដើម្បី ធ្វើវិសោធនកម្ម ឬរៀបចំថ្មី ក្នុងគោលបំណងឆ្លើយតបនឹងការវិវត្តនៃសង្គម និងត្រូវលើក កម្ពស់ការអនុវត្តច្បាប់ក្នុងវិស័យសារព័ត៌មាន ដើម្បីរក្សាសណ្តាប់ធ្នាប់នៃវិជ្ជាជីវៈឱ្យបាន ត្រឹមត្រូវ ។

ទី៣. រៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីកំណត់នីតិវិធីប្រតិបត្តិស្តង់ដាស្តីពីក្រមសីលធម៌ អ្នកសារព័ត៌មាន ដែលជាការលើកកម្ពស់តម្លៃនៃវិជ្ជាជីវៈ។

ទី៤. រៀបចំកំណត់គោលការណ៍ណែនាំស្តីពីការផលិតមាតិកា និងការផ្សព្វផ្សាយរបស់អ្នកកាសែត ប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ភាពអាណាធិបតេយ្យលើបណ្តាញសង្គម។

ទី៥. រៀបចំមូលនិធិគាំទ្រដំណើរការកសាង និងអភិវឌ្ឍសមត្ថភាពរបស់សមាជិកសមាគមអ្នក សារព័ត៌មាន និងលើការគាំពារនិងលើកកម្ពស់វិជ្ជាជីវៈ ។

ជាមួយគ្នានេះ ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួនជូនដល់បងប្អូនអ្នកសារព័ត៌មាន ដូចខាងក្រោម៖

ទី១. បន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជន ឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។

ទី២. ផ្តល់ព័ត៌មានពិតដល់សាធារណជនជាតិ និងអន្តរជាតិ អំពីសភាពការណ៍ពិតនៅកម្ពុជា និងផ្សព្វផ្សាយរាល់គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលទៅកាន់ប្រជា- ពលរដ្ឋ និងនាំព័ត៌មានពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាបាន ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល។

ទី៣. ផ្សព្វផ្សាយអប់រំដល់សាធារណជនអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃ ការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។

ទី៤. បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម អាចធ្វើឱ្យ ប្រទេសជាតិ អស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម និងត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយព័ត៌មានពិត មានតុល្យភាព គ្រប់ជ្រុង ជ្រោយ។

ទី៥. បណ្តុះបណ្តាលសមត្ថភាពជំនាញទាំងបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាព ព័ត៌មាន សណ្តាប់ធ្នាប់ព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន។

ជាទីបញ្ចប់ ខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ស្ថាប័នព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ នាពេលកន្លងមក និងជាពិសេសក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលបានខិតខំប្រឹងប្រែងបំពេញការងារជូនប្រទេសជាតិនាពេលកន្លងមក ក្នុងការលើកកម្ពស់គុណភាព ព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព។ ខ្ញុំសូមលើកទឹកចិត្តបន្ថែមទៀតចំពោះបងប្អូនអ្នកសារព័ត៌មាន ក្នុងការបន្តនូវភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីរួមចំណែក អភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែរីកចម្រើន និងសូមជូនពរបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សូមបានប្រកបដោយសុខភាពបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖