ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមមេខ្លោង និងបក្ខពួកចំនួន១០នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ក្រោយបោកបញ្ឆោតប្រជាពលរដ្ឋដុតព្រៃ ទន្រ្ទានដីព្រៃរបស់រដ្ឋក្នុងបំណងទុច្ចរិត

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី «ការអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបង្ក្រាបបទល្មើសកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង»។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះ រដ្ឋបាលខេត្ដស្ទឹងត្រែង បានឱ្យដឹងថា ដោយអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែងបានសហការជាមួយក្រុមការងាររបស់សម្តេចមហាបវរធិបតី ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករង ខុទ្ទកាល័យសម្តេចមហាបវរធិបតី បានចុះប្រតិបត្តិការយ៉ាងក្តៅគគុកដើម្បីបង្ក្រាបសកម្មភាពដុត បំផ្លាញ និងកាប់ទន្ទ្រានព្រៃឈើខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

រដ្ឋបាលខេត្ដស្ទឹងត្រែង បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការរយៈពេល២៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារបានសម្របសម្រួលពន្យល់បងប្អូនប្រជាពលរដ្ឋដែលលង់ចាញ់បោក មេខ្យល់ឱ្យពួកគាត់យល់ និងស្ម័គ្រចិត្តព្រមរុះរើចាកចេញដោយសន្តិវិធី ពីទីតាំងដីដែលបានកាន់កាប់ដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិចំនួនពីរកន្លែង គឺទីមួយ នៅតំបន់ភ្នំក្រឡាពស់ ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្ថិតក្នុង ស្រុកសេសាន និងទីពីរ គឺនៅក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរកា ស្ថិតក្នុងស្រុកបូរីអូរស្វាយសែនជ័យ។

ចំពោះដីព្រៃឈើដែលរងការដុតបំផ្លាញ និងកាប់ទន្ទ្រានខុសច្បាប់នៅតំបន់ភ្នំក្រឡាពស់ ក្នុងឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង ស្ថិតក្នុងស្រុកសេសាន ត្រូវបានខូចខាតប្រមាណ៧០០០ហិកតា និងគ្រោងរងការខូចខាតប្រមាណ ៦០០០-៧០០០ហិកតាបន្ថែមទៀត។ រីឯព្រៃឈើក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរកា ស្ថិតក្នុងស្រុកបូរីអូរស្វាយសែនជ័យ ដែលរងការដុតបំផ្លាញ និងកាប់ទន្ទ្រានខូចខាតទាំងស្រុងប្រមាណជាង៦០០ហិកតា និងគ្រោងរងការខូចខាត ប្រមាណ៥០០-៦០០ហិកតា បន្ថែមទៀត ត្រូវបានក្រុមការងារអនុវត្តប្រតិបត្តិការពិសេសរំដោះបានដកហូតយកមកវិញ ប្រគល់ជូនមន្ទីរបរិស្ថាន និងអាជ្ញាធរខេត្តស្ទឹងត្រែង ដើម្បីគ្រប់គ្រងថែរក្សាការពារជាសម្បត្តិធនធានធម្មជាតិឡើងវិញ។

ក្នុងករណីនេះ ចំពោះក្រុមមេខ្លោង និងបក្ខពួកពាក់ព័ន្ធនឹងរឿងនេះ ចំនួន១០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួន មេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ត្រូវជៀសវាងការប្រព្រឹត្តល្មើសច្បាប់ ឬជាប់ពាក់ព័ន្ធតាមគ្រប់រូបភាពក្នុងសកម្មភាពកាប់ទន្ទ្រាន និងដុតបំផ្លាញដីព្រៃរបស់រដ្ឋដោយខុសច្បាប់ និងត្រូវចូលរួមថែរក្សាធនធានព្រៃឈើរបស់យើងទាំងអស់គ្នា ដើម្បីជាប្រយោជន៍នាពេលបច្ចុប្បន្ន និងសម្រាប់អនាគតកូនចៅជំនាន់ក្រោយ៕

ដោយ ៖ សិលា


ចែករំលែក៖