សារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ បានផ្សាយថា ប្រទេសអ៉ីរ៉ង់បានប្រកាសអំពីការដាក់ទណ្ឌកម្មទៅលើបុគ្គលក៏ដូចជាអង្គភាព-ស្ថាប័នមួយចំនួនរបស់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស សម្រាប់ការគាំទ្រសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ នៅឯតំបន់ Gaza Strip។
ការប្រកាសដាក់ទណ្ឌកម្មខាងលើ ពីសំណាក់ទីក្រុងតេហេរ៉ង់ ដែលជាគូសត្រូវធំបំផុតរបស់អ៉ីស្រាអែល នៅក្នុងតំបន់ ត្រូវបានធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសអ៉ីរ៉ង់។ សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ទណ្ឌកម្មនោះបានកំណត់គោលដៅលើ បុគ្គលជនជាតិអាមេរិកចំនួន៧រូប ដែលរួមមានទាំងឧត្តមសេនីយ៍ Bryan P. Fenton មេបញ្ជាការនៃបញ្ជាការដ្ឋានកងកម្លាំងពិសេសរបស់យោធាអាមេរិក និងឧត្តមនាវី Brad Cooper ដែលជាអតីតមេបញ្ជាការកងអង្គភាព Fifth Fleet របស់ទ័ពជើងទឹកអាមេរិក។
ចំណែកមន្រ្តីនិងស្ថាប័នអង់គ្លេស ដែលរងការដាក់ទណ្ឌកម្មរបស់អ៉ីរ៉ង់ រួមមានទាំងរដ្ឋមន្រ្តីការពារជាតិលោក Grant Shapps រួមជាមួយមេបញ្ជាការនៃបញ្ជាការដ្ឋានយុទ្ធសាស្រ្តរបស់យោធាអង់គ្លេស លោក James Hockenhull ហើយនិងកងអង្គភាពជើងទឹកអង់គ្លេសប្រចាំនៅសមុទ្រក្រហម។ ក្រុមហ៊ុនអាមេរិក Lockheed Martin និង Chevron ព្រមទាំងក្រុមហ៊ុនអង់គ្លេស Elbit Systems, Parker Meggitt និង Rafael UK ក៏ត្រូវបានអ៉ីរ៉ង់ដាក់ទណ្ឌកម្ម ផងដែរ។
បើតាមក្រសួងការបរទេសអ៉ីរ៉ង់ វិធានការរឹតត្បិតនៃការដាក់ទណ្ឌកម្មខាងលើ រួមមានដូចជា រាំងខ្ទប់គណនីនិងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុនានា នៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុរបស់អ៉ីរ៉ង់, បង្កកទ្រព្យសម្បត្តិនៅក្រោមដែនយុត្តាធិការរបស់អ៉ីរ៉ង់ ព្រមទាំងហាមឃាត់ការចេញទិដ្ឋាការ និងការធ្វើដំណើរចូលមកកាន់ទឹកដីអ៉ីរ៉ង់។
សង្រ្គាមនៅ Gaza Strip បានផ្ទុះឡើង ក្រោយព្រឹត្តិការណ៍វាយប្រហារថ្ងៃទី៧ តុលា ២០២៣ ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ លើអ៉ីស្រាអែល ដែលបានផ្តាច់ជីវិតមនុស្សប្រហែល១,២០០នាក់ ភាគច្រើនជាជនស៉ីវិល។ អ៉ីរ៉ង់ដែលជាខ្នងបង្អែករបស់ហាម៉ាស់បានបដិសេធថា ខ្លួនមិនមានការជាប់ពាក់ព័ន្ធផ្ទាល់ក្នុងការវាយប្រហារនោះឡើយ។ រីឯប្រតិបត្តិការយោធាសងសឹករបស់អ៉ីរ៉ង់ប្រឆាំងនឹងក្រុមហាម៉ាស់ ចាប់តាំងតែពីពេលនោះមក បានសម្លាប់មនុស្សសរុបកើនដល់យ៉ាងហោច ៣៤,៥៩៦នាក់ហើយ ដែលភាគច្រើនជាស្រ្តីនិងកុមារ៕ ដោយ៖ ធីរីណា
រូបថត៖ AFP