ភ្នំពេញ ៖ ថ្ងៃនេះ ក្រសួងមុខងារសាធារណៈចាប់ផ្តើមការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យលើកទី១ (ដើម្បីសម្រាំងបេក្ខជន) រយៈពេល៤ថ្ងៃ ដែលមានបេក្ខជនចូលរួមចំនួន៣៣៣១៤នាក់ និងប្រើប្រាស់មណ្ឌលប្រឡងចំនួន ៣មណ្ឌល។ មិនថាយើងធ្លាប់ឆ្លងកាត់ការរៀបចំការប្រឡងច្រើនដងយ៉ាងណាក្តី មិនថាយើងមាននិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីយ៉ាងណាក្តី ក្រុមការងាររៀបចំការប្រឡងទាំងអស់នៅតែបន្តអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ និងធានាឱ្យខាងតែបានថាការប្រឡងប្រជែង ត្រូវប្រព្រឹត្តទៅប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ចេះគឺជាប់ ជាប់ដោយមោទនៈ មិនជាប់ដោយអស់ចិត្ត»។ នេះជាប្រសាសន៍ របស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ៖ ដោយសារបេក្ខជនមានចំនួនច្រើន អាកាសធាតុក្តៅ ទីធ្លាសម្រាប់ចំណតយានយន្តមានកំណត់ បន្ទប់ប្រឡង និងមណ្ឌលប្រឡងមានទីតាំងផ្សេងៗគ្នា ដូច្នេះសូមបេក្ខជនទាំងអស់បង្កើនការយកចិត្តទុកដាក់ កត់សម្គាល់ព័ត៌មាន និងថែរក្សាសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន ដើម្បីបង្ការរាល់ការរំខាននានា ដែលអាចប៉ះពាល់ដល់ដំណើរការប្រឡងប្រជែង។
លោកសូមបេក្ខជនទាំងអស់យកឱកាសដែលរាជរដ្ឋាភិបាលបានផ្តល់ជូនស្មើៗគ្នានេះ បញ្ចេញអស់ពីសមត្ថភាព ដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិលរបស់កម្ពុជាម្នាក់ប្រកបដោយគុណភាព៕
ដោយ ៖ សិលា