ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីទូរសព្ទដៃ App Nodrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានការចាប់អារម្មណ៍ពីសាធារណជនទូទៅ

ចែករំលែក៖

ភ្នំពេញ៖​ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ នៅរសៀលថ្ងៃទី​០២​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃប្រកួតកីឡាសប្បុរសធម៌ ក្រោមមូលបទ រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយគណ:កម្មាធិកាត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ​ កាលពីម្សិលមិញនេះ​ បានដាក់តាំងនូវប៉ាណូស្តីពីសារប្រមានក៏ដូចជាការបង្ហាញនូវសារសំខាន់នៃកម្មវិធីទូរស័ព្ទដៃ App NoDrug ជាមួយគ្នាបានសហការជាមួយក្រសួងទេសចរណ៍ បានដាក់តាំងស្តង់ពិព័រណ៍ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និងការដាក់តាំងតំឡើងកម្មវិធីទូរសព្ទApp Nodrug ហើយទទួលបានការចាប់អារម្មណ៍ពីសាធារណជនទូទៅពិសេសយុវជន។

នាឱកាស​នោះ​ លោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានក្រុមការងារ​ បានមានប្រសាសន៍ថា ការចាប់អារម្មណ៍ចូលរួមពីសំណាក់សាធារណជនគឺដោយសារពួកគាត់បន្តចង់ស្វែងយល់បន្ថែមពីបញ្ហាគ្រឿងញៀននិងយល់ច្បាស់ពីអត្ថប្រយោជន៍នៃកម្មវិធីទូរស័ព្ទApp Nodrug ដែលអាចឱ្យពួកគាត់ទទួលបាននូវចំណេះដឹង ពីព័ត៌មាន កំសាន្ត អប់រំ ពីបញ្ហាគ្រឿងញៀននិងទីតាំងផ្តល់សេវាព្យាបាលអ្នកញៀនគ្រឿងញៀន និងនៅជិតកៀកជាមួយនឹងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនអាចរាយការណ៍ផ្តល់ព័ត៌មានបានគ្រប់ពេលជាសម្ងាត់និងឆាប់រហ័ស។ 

ជាមួយនេះ ក្នុងនាម លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា  អគ្គលេខាធិការរង ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ សូមថ្លែងអំណរគុណ លោក ឃួង ស្រេង និងក្រសួងទេសចរណ៍ ដែលបានចូលរួមការងារផ្សព្វផ្សាយពោរពេញដោយបេះដូងជ្រះថ្លា ផុលផុស និងទាក់ទាញ៕

ដោយ​៖ តារា​


ចែករំលែក៖