ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទ​ដៃពី​និស្សិត​ស្រី​ម្នាក់​ បានសម្រេច ប៉ុន្តែ​អស់លក្ខណ៍​ត្រូវ​នគរបាល​ខណ្ឌ​ទួលគោក​ក្របួច​ជាប់

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌទួលគោក​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយ​ពីធ្វើ​សកម្មភាព​ឆក់ទូរស័ព្ទរបស់​និស្សិត​ស្រី​ម្នាក់​ដែលកំពុង​ជិះ​ម៉ូតូ​តាមដងផ្លូវ​ បានសម្រេច​ហើយ​ព្យាយាម​រត់​គេច​ខ្លួន​ ប៉ុន្តែ​ជាអកុសល​ក៏ប្រទះ​ជាមួយ​កម្លាំងសមត្ថកិច្ច​មូលដ្ឋាន​ដេញតាមចាប់​ឃាត់ខ្លួន​តែម្តង​។ លោកអធិការ​ខណ្ឌរូបនេះ​បានបន្តថា​ ជនសង្ស័យឈ្មោះ មាស ដារ៉ា ហៅអាហុប ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន)​ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ០១គ្រឿងម៉ាកI phon 13 Pro Max ពណ៌ស) ត្រូវ​បានឃាត់ខ្លួននៅចំណុចមុខផ្ទះលេខ៦៤ ផ្លូវលេខ១៦០  ក្រុម២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២២ ផ្លូវលេខ២៦១  ភូមិ១៣ ក្រុម៣៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២ ខែឧសភាម្សិលមិញ​។

វត្ថុតាងចាប់យក៖​ ម៉ូតូ០១គ្រឿងម៉ាក SUZUKI Smash V ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1EI.6982 លេខតួនិងលេខម៉ាសុីន900293(ជារបស់ជនសង្ស័យ)។​ ទូរស័ព្ទដៃ០១គ្រឿងម៉ាកI phon 13 Pro Max ពណ៌ស(ជារបស់ជនរងគ្រោះបានប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ)។ 

ចំណែក​ជនរងគ្រោះឈ្មោះ ជូប៊រ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរនិស្សិត ជនជាតិខ្មែរ។ 

 បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖