ព័ត៌មានទាន់ហេតុការណ៍៖

ត្រីងៀតកម្ពុជារំពឹងថា នឹងត្រូវបាននាំទៅកាន់សហរដ្ឋអាមេរិកនិងនូវែលហ្សេឡង់ក្នុងពេលឆាប់ៗ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យក្នុងការនាំចេញត្រីកែច្នៃទម្ងន់ជិត៥តោន ជាលើកដំបូងទៅកាន់ប្រទេស​អូស្ត្រាលី នៅថ្ងៃខាងមុខរាជរដ្ឋាភិបាលកម្ពុជារំពឹងថា វានឹងត្រួសត្រាយផ្លូវសម្រាប់ការធ្វើពាណិជ្ជកម្មនាំចេញត្រីទៅកាន់ទីផ្សារបរទេសផ្សេងទៀត។ ក្តីរំពឹងនោះគឺនឹងបាននាំទៅបណ្ដាប្រទេសផ្សេងទៀត ដូចជា សហរដ្ឋអាមេរិក និងនូវែលហ្សេឡង់ជាដើម។

អ្នកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់សហគ្រាស Home Taste Food បានឱ្យដឹងថា នេះជាលើកដំបូងដែលសហគ្រាសអ្នកស្រី បានសាកល្បងនាំចេញត្រីកែច្នៃខ្មែរលើកដំបូងចំនួន៤,៧តោនជាផ្លូវការទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា ហៅកាត់ថា (CQS)។

អ្នកស្រីបានលើកឡើងថា ប្រសិនបើការនាំចេញសាកល្បងនេះទទួលបានជោគជ័យ វានឹងជួយបើកផ្លូវឲ្យសម្រាប់ការនាំចេញទៅជាបន្តបន្ទាប់ទៀត ហើយជាមួយគ្នានេះ អ្នកស្រីក៏កំពុងធ្វើការចរចានាំចេញត្រីកែច្នៃពីកម្ពុជាទៅប្រទេសផ្សេងទៀត ដូចជា សហរដ្ឋអាមេរិកនិងនូវែលហ្សេឡង់ផងដែរ។ អ្នកស្រីបានបង្ហាញការរំពឹងថា ប្រសិនបើគម្រោងនេះ ទទួលបានជោគជ័យ សហគ្រាសនឹងបង្កើនការនាំចេញឱ្យបានពី១៥ទៅ២០ តោន សម្រាប់ឆ្នាំ ២០២៤នេះ។ ទោះជាយ៉ាងណា អ្នកស្រីបានលើកឡើងថា បញ្ហាកង្វះវត្ថុធាតុដើម ដើមទុន និងបច្ចេកទេសនៅតែបង្កជាក្តីបារម្ភសម្រាប់សហគ្រាសដែលទើបបង្កើតថ្មីថ្មោងមួយនេះ។

បើតាមអ្នកស្រី ស៊ឹម សេរីរ័ត្ន បានឱ្យដឹងថា សហគ្រាស Home Taste Food អាចលក់ផលិតផលត្រីកែច្នៃ មានត្រីងៀត ប្រហុក ផ្អក និងត្រីឆ្អើរ ប្រមាណ១តោន ក្នុងមួយខែ សម្រាប់ទីផ្សារក្នុងស្រុក។ 

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តាមរយៈ អ្នកនាំពាក្យ អុឹម រចនា បានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ការនាំចេញលើកដំបូងជាលក្ខណៈផ្លូវការ នូវប្រភេទត្រីកែច្នៃចំនួន៣ប្រភេទ រួមមាន៖ ត្រីងៀត ត្រីឆ្អើរ និងត្រីបង្ហើម ធ្វើឡើងដោយដឹកតាមកប៉ាល់ដែលមានបំពាក់ប្រព័ន្ធត្រជាក់ក្នុងបរិមាណ ៤,៧តោន ដើម្បីយកទៅលក់នៅលើទីផ្សារប្រទេសអូស្ត្រាលី។ ក្រសួងនឹងបន្តគាំទ្រដល់សហគ្រាស Home Taste Food ដែលមានបំណងពង្រីកការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនិងប្រទេសញូវហ្សេលែន នៅក្នុងបរិមាណជាង ១០០តោនទៀតនាពេលខាងមុខផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖