ភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា មកស្គាល់ពីឈ្មុសប្រែងកម្ពុជាដ៏អាថ៌កំបាំង ជួបជាមួយឈ្មុសប្រែង ជាត្បូងចែងចាំងលើព្រៃព្រឹក្សាដ៏អាថ៌កំបាំងរបស់កម្ពុជា ដែលជាញឹកញាប់ត្រូវបានគេស្គាល់ថាជាពពួក “សំពោច”។
អង្គភាពសម្ព័ន្ធមិត្តសត្វព្រៃ បានបន្តថា ឈ្មុសប្រែងពិតជាមានសម្រស់គួរជាទីទាក់ទាញ ដោយសារតែភិនភាគល្អឯកគ្មានពីរមានកន្ទុយវែងដែលអាចពត់ពេនតោងពីចុងឈើមួយទៅចុងឈើមួយ។ ឈ្មុសប្រែងមានមាឌធំមាំគ្រប់ដណ្តប់ដោយរោមក្រាស់ៗពណ៌ក្រម៉ៅលាយត្នោត និងមានមុខមាត់គួរអោយស្រលាញ់អមដោយពុកមាត់វែងៗពណ៌ស ។
អង្គភាពសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងទៀតថា អ្នកដឹងទេ? នៅក្បែរកន្ទុយរបស់ឈ្មុសប្រែងមានអវៈយវៈម្យ៉ាងដែលអាចបញ្ចេញក្លិនក្រអូបយ៉ាងពិសេសស្រដៀងក្លិនពោតលីងប័រ! ក្លិននេះត្រូវបានឈ្មុសប្រែងប្រើជាការកំណត់ទឹកដី និងការទាក់ទងជាមួយឈ្មុសប្រែងដទៃទៀត។
បន្ថែមពីនេះ អង្គភាពមួយនេះ បានបញ្ជាក់ថា ថនិកសត្វរាត្រីចរទាំងនេះចូលចិត្តរស់នៅក្នុងតំបន់ព្រៃស្រោងក្រាស់ៗនៃព្រៃត្រូពិចរបស់កម្ពុជា ជាកន្លែងដែលពួកគេដើរតួនាទីដ៏សំខាន់ក្នុងការពង្រាយគ្រាប់រុក្ខជាតិ ដែលរួមចំណែកដល់សុខុមាលភាព និងភាពសម្បូរបែបនៃប្រព័ន្ធអេកូឡូស៊ី។ ដូច្នេះសូមចូលរួមរក្សា និងការពារសត្វដ៏គួរអោយស្រលាញ់ និងដែនជម្រករបស់ពួកគេជាច្រើនជំនាន់តទៅមុខទៀត!
ដោយ៖ តារា