ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូន លោក-លោកស្រី ដែលកំពុងប្រកបអាជីវកម្មក្នុងវិស័យ ព័ត៌មាន និងសោតទស្សន៍ មេត្តាជ្រាបថា យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធីសំណេះសំណាល និងពិសារអាហារ សាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៦ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម បានសម្រេច ផ្តល់ការលើកទឹកចិត្តទៅដល់លោក-លោកស្រី ដែលមានបំណងចុះបញ្ជីពាណិជ្ជកម្មក្នុងវិស័យព័ត៌មាន និង សោតទស្សន៍ដូចតទៅ៖
១. ការលើកលែងកាតព្វកិច្ចបង់កម្រៃសេវាសាធារណៈចុះបញ្ជីពាណិជ្ជកម្មរយៈពេល ៣ឆ្នាំ។
និង ២. ការលើកលែងការផាកពិន័យនានា សម្រាប់អាជីវកម្មដែលបានដំណើរការ និងមិនបានចុះបញ្ជីត្រឹមត្រូវ
សេចក្តីដូចបានជម្រាបជូនខាងលើ ក្រសួងពាណិជ្ជកម្ម មានជំនឿយ៉ាងមុតមាំថា លោក-លោកស្រី ដែល ប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នឹងចូលរួមដោយស្ម័គ្រចិត្តក្នុងការចុះបញ្ជីយ៉ាងផុសផុលជា មិនខាន។
សម្រាប់ព័ត៌មានលម្អិតសម្រាប់ការដាក់ពាក្យស្នើសុំតាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្មនេះ លោក-លោកស្រី អាចចូលទៅកាន់គេហទំព័រwww.registrationservices.gov.kh៕
ដោយ ៖ សិលា