យោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន VNA ប្រចាំនៅអាមេរិកឡាទីន កាលពីថ្ងៃទី៣ ឧសភា ក្រសួងការបរទេសកូឡុំប៊ីបានប្រគល់កំណត់សារមួយជូនឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅទីក្រុង Bogota អំពីការផ្តាច់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ដូច្នេះហើយ កូឡុំប៊ី បានក្លាយជាប្រទេសទី៣ នៅអាមេរិកឡាទីន ដែលកាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែល បន្ទាប់ពីជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប បានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០២៣។ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូឡុំប៊ី បានបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចចិត្ត “រក្សាប្រតិបត្តិការនៃផ្នែកកុងស៊ុលនៅទីក្រុង Tel Aviv និង Bogota”។
កាលពីខែមីនាកន្លងទៅ ប្រធានាធិបតីកូឡុំប៊ី Gustavo Petro បានព្រមានថា លោកនឹងចាត់វិធានការដើម្បីកាត់ផ្តាច់ទំនាក់ទំនងការទូត ក្នុងករណីដែលអ៊ីស្រាអែលមិនគោរពតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប។ ក្រោយមក រដ្ឋាភិបាលអ៊ីស្រាអែលបានប្រកាសថាខ្លួននឹងមិនចុះចាញ់នឹងសម្ពាធណាមួយឡើយ។
ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ 1957 កូឡុំប៊ី និងអ៊ីស្រាអែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរាប់សិបនៅក្នុងវិស័យនយោបាយ សន្តិសុខ-ការពារជាតិ និងសេដ្ឋកិច្ច រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ ប្រទេសអាមេរិកខាងត្បូងនេះក៏បានចុះហត្ថលេខាលើកិច្ចសន្យាទិញយន្តហោះចម្បាំងផលិតដោយអ៊ីស្រាអែល និងអាវុធផ្ទាល់ខ្លួន ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន និងក្រុមឧទ្ទាម។
អ៊ីស្រាអែលមិនទាន់ធ្វើអត្ថាធិប្បាយលើការសម្រេចចិត្តរបស់ក្រុងបូហ្គោតានៅឡើយទេ។
កន្លងមក បូលីវី បានផ្តាច់ ឬផ្អាកទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ដោយសារជម្លោះនៅតំបន់ហ្គាហ្សា៕
ដោយ៖ ធីរីណា(រូបថត៖ AFP)