ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (កាច់កម៉ូតូ) គេចខ្លួនបាន៣ថ្ងៃកាលពីម៉ោង២រសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចច្រកឌឿងហែមផ្លូវលេខ៦១ កែងផ្លូវលេខ១២៦ ភូមិ៥ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។
លោកវរសេនីយ៍ត្រី ម៉ៅ ចាន់ថុន អធិការរងទទួលផែនព្រហ្មទណ្ឌបានឱ្យដឹងថា ជនសង្ស័យឈ្មោះ អេង រតនៈ អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ(គ្មាន) ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលេខ១២៦ ភូមិ៣(សុខាល័យ) សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ (មានសារធាតុញៀន)។
ចំណែកជនរងគ្រោះមានឈ្មោះ សំណាង ផានិត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ 89E4 ផ្លូវលេខ164 សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា។
លោកអធិការរងបានឱ្យដឹងទៀតថា មុនពេលកើតហេតុជនសង្ស័យបានដើរចេញពីសុខាល័យ សង្កាត់ផ្សារថ្មីទី២ ចូលតាមផ្លូវឌឿងហែម មកដល់ចំណុចកើតហេតុបានឃើញម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដា scoopy ស៊េរីឆ្នាំ២០១៥ ពណ៌ក្រហមដែលចតទុកនៅលើផ្លូវឌឿងហែមផ្លូវលេខ៦១កែងផ្លូវលេខ១២៦ ភូមិ៥ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ បានចូលទៅធ្វើសកម្មភាពយកដែកសំបែតចុងស្រួច កាច់សោ-កម៉ូតូរបស់ជនរងគ្រោះរួចជិះគេចខ្លួនបាត់។ ក្រោយពីសភាពការណ៍នេះកើតឡើងរួចជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលផ្សារថ្មីទី១ ភ្លាមនោះកម្លាំងជំនាញខណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវរហូតដល់ម៉ោង០៣ៈ១៥នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ កម្លាំងយើងក៏បានឃាត់ជនសង្ស័យបាននៅចំណុចផ្លូវលេខ១២៦ កែងផ្លូវព្រះមុន្នីវង្ស ភូមិ៣ សង្កាត់ផ្សារថ្មីទី២ រួចបាននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ ដើម្បីសាកសួរ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកាច់កម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ