នំបុ័ងប្រវែងជាង 140 ម៉ែត្រដែលផលិតដោយអ្នកដុតនំនៅទីក្រុងប៉ារីសបានបំបែកកំណត់ត្រាអុីតាលីកាលពីឆ្នាំ 2019។
រដ្ឋាភិបាលទីក្រុង Suresnes ភាគខាងលិចនៃទីក្រុងប៉ារីសបានប្រកាសនៅលើគណនីបណ្តាញសង្គមរបស់ខ្លួនកាលពីថ្ងៃទី 5 ខែឧសភាថា “កំណត់ត្រាពិភពលោកសម្រាប់នំប៉័ងវែងបំផុតត្រូវបានបំបែក” ។ “នំដែលធ្វើនៅ Suresnes ថ្ងៃនេះមានប្រវែង 140.53 ម៉ែត្រ”។
អ្នកដុតនំជនជាតិបារាំងចំនួន 12 នាក់បានចាប់ផ្តើមផលិតនំប៉័ងនៅម៉ោង 3:00 នាទីទៀបភ្លឺ នៅថ្ងៃទី 5 ខែឧសភា ហើយបន្ទាប់ពី 13 ម៉ោងពួកគេបានបំបែកឯតទគ្គកម្មពិភពលោកដែលកាន់កាប់ដោយប្រទេសអុីតាលីជាមួយនឹងនំបុ័ងប្រវែង 132.62 ម៉ែត្រដែលផលិតក្នុងឆ្នាំ 2019 ។ ពីមុនប្រទេសអុីតាលី ក៏បានបង្កើតកំណត់ត្រាក្នុងឆ្នាំ 2015 ជាមួយនឹងនំបុ័ងប្រវែង 122 ម៉ែត្រដែលត្រូវបានដុតនំនៅឯពិព័រណ៍ Milan ។
ការណ៍ដែលប្រទេសអុីតាលីជាប់ឯតទគ្គកម្មនំប៉័ងវែងជាងគេលើពិភពលោក ធ្វើឱ្យប្រជាជនបារាំងជាច្រើនមិនសប្បាយចិត្ត ព្រោះប្រទេសបារាំងត្រូវបានចាត់ទុកថាជា “លំយោល” នៃផលិតផលនេះ ជាមួយនឹងនំប៉័ងចំនួន 320 ដុំរៀងរាល់វិនាទី។
លោក Sylvain Lecarpentier ដែលជាអ្នកដុតនំនៅ Suresnes បាននិយាយថា គាត់បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី “ទទួលបានកំណត់ត្រាត្រឡប់ទៅបារាំងវិញ” ។
ដើម្បីជម្នះឧបសគ្គ ក្រុមកម្មករត្រូវច្របាច់ម្សៅនិងដុតនំប៉័ងនៅនឹងកន្លែងនៅចំពោះមុខប្រជាជន។ គ្រឿងផ្សំដែលប្រើសម្រាប់ធ្វើ baguette គឺម្សៅ ទឹក ដំបែ និងអំបិល។ នំដែលបានបញ្ចប់ត្រូវតែមានកម្រាស់យ៉ាងតិច 5 សង់ទីម៉ែត្រនៅក្នុងផ្នែកណាមួយ។
បន្ទាប់ពីត្រូវបានទទួលស្គាល់ថាជាកំណត់ត្រាពិភពលោក នំប៉័ងត្រូវបានកាត់ជាបំណែកតូចៗ ដើម្បីចែកចាយដល់ប្រជាជន ក៏ដូចជាចែកចាយដល់ជនអនាថា ដែលរស់នៅតាមដងផ្លូវនៃទីក្រុង Suresnes ៕ ដោយ៖ ធីរីណា
រូបថត៖ Reuters