ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនប្ដីទី២ទៅសាលាដំបូង បន្ទាប់ពីទាញកាប់ប្រពន្ធនឹងកាំបិតផ្គាក់ បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖នៅព្រឹកថ្ងៃទី៦ ខែឧសភាឆ្នាំ២០២៤ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកចំការលើបានបញ្ជូនបុរសម្នាក់ទៅសាលាដំបូងខេត្តកំពង់ចាមចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន។ ពាក់ព័ន្ធករណីឃាតកម្មនេះបុរសជាប្ដីទី២នេះប្រឈមមុខនឹងការជាប់ពន្ធនាគារមួយជីវិត។

មន្ត្រីនគរបាលស្រុកចំការលើបានរំលឹកថា កាលពីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ បុរសម្នាក់ដែលគេដឹងថាជាប្ដីក្រោយបានកាប់ប្រពន្ធនឹងកាំបិតផ្គាក់ បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម នៅភូមិសារាយ ឃុំបុសខ្នុរ ស្រុក ចំការលើ បន្ទាប់មកក៏យកម៉ូតូហុងដាឌ្រីមរបស់ប្រពន្ធជិះគេចចូលទៅក្នុងព្រៃ ។

បន្ទាប់ពីហេតុការណ៍នេះកើតឡើងលោកស្នងការនគរបាលខេត្ត បានចាត់ឱ្យកងកម្លាំងបើកប្រតិបត្តិការតាមចាប់ខ្លួនបុរសរូបនេះទាំងយប់ និងចំណាយពេលជាច្រើនម៉ោងតែរកមិនឃើញ។ រហូតមកដល់ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចក្របួចឃាតក ជាប្ដីបាន ខណៈជិះម៉ូតូរត់ទៅដល់ទឹកដីស្រុកស្ទឹងត្រង់។

បុរសរូបនេះឈ្មោះ ឆូយ ធឿន អាយុ២៩ឆ្នាំ ជាប្ដីក្រោយ បានកាប់ទៅលើប្រពន្ធឈ្មោះ អ៊ិច ចន្ធូ អាយុ២៨ឆ្នាំ នឹងកាំបិតផ្គាក់ ត្រូវចំកនិងដៃ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែង ។ ក្រោយពីកាប់ប្រពន្ធស្លាប់ហើយ ជននេះបានជិះម៉ូតូធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ដើម្បីគេច ខ្លួនពីការតាមចាប់របស់កម្លាំងសមត្ថកិច្ច ។

មូលហេតុនៃការកាប់ប្រពន្ធនេះ គឺបន្ទាប់ពីពួកគេទាំង២ នាក់ បានព្រមព្រៀងលែងលះគ្នាវិញ តែដោយដឹងថា ប្រពន្ធខ្លួននឹងទៅយកប្តីដើមវិញ ក៏បានអន្ទងហៅផឹកស៊ីរួចឆក់មានឱកាសកាប់សម្លាប់តែម្ដង ។

សមត្ថកិច្ចខេត្ត សហការជាមួយកម្លាំងសមត្ថកិច្ចស្រុក បានចុះស្រាវជ្រាវដល់ទីកន្លែងនិងតាមចាប់ទាំងយប់ ។ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកចម្ការលើ សហការជា មួយកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្ទឹងត្រង់ ព្រម ទាំងកម្លាំងព្រហ្មទណ្ឌខេត្ត ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចសាលាបឋមសិក្សាប៉ប្រក ក្នុងភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់ ។

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យត្រូវបាននាំយកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកចម្ការលើ និងបានសារភាពថា រូបគេពិតជាកាប់ប្រពន្ធមែន ។ ជននេះក៏ត្រូវបានធ្វើតេស្តរកសារធាតុញៀន ហើយជាលទ្ធផលវិជ្ជមានផងដែរ ។

ប្រភពបានឲ្យដឹងថា ស្ត្រីជាប្រពន្ធពុំមានកូនចៅជាមួយប្ដីក្រោយនេះទេ តែជាមួយប្ដីមុនគឺមានកូនម្នាក់។ អ្នក ភូមិនិយាយថា សកម្មភាពឃោរឃៅបែបនេះកម្រកើត មានណាស់នៅឃុំបុសខ្នុរ ទើបតែឃើញកើតមានមួយករណីនេះប៉ុណ្ណោះ ។ 

បើយោងទៅលើមាត្រា២០០នៃច្បាប់ព្រហ្មទណ្ឌ អំពើឃាតកម្មគិតទុកជាមុន គឺជននេះអាចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ៕

ដោយ៖ សូរិយា


ចែករំលែក៖