ខេត្តកោះកុង ៖ ក្រុមហ៊ុនវិរៈប៊ុនថាំ អេចប្រេស របស់ អ្នកឧកញ៉ា សួរ វិរៈ បានប្រកាសដាក់ចេញផែនការប្រែក្លាយតំបន់ឆ្នេរសមុទ្រក្រុងខេមរភូមិន្ទ (ឆ្នេរកោះស្នេហ៍) ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង តាមរយៈការេអភិវឌ្ឍន៍ ឱ្យទៅជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏មានប្រជាប្រិយភាព។
ផែនការនេះ ត្រូវបានរដ្ឋបាលខេត្តកោះកុងបានប្រកាសគាំទ្រនៅក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសំណើសុំសិទ្ធិវិនិយោគ និងអភិវឌ្ឍក្នុងតំបន់ឆ្នេរសមុទ្រ (ឆ្នេរកោះស្នេហ៍) ខាងលើនេះ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។
តាមរយៈគម្រោងស្នើសុំវិនិយោគតំបន់ឆ្នេរសមុទ្រនេះ អ្នកឧកញ៉ា សួរ វិរៈ បានបង្ហាញពីទស្សនៈប្រែក្លាយតំបន់ឆ្នេរសមុទ្រ ក្រុងខេមរភូមិន្ទ ជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏មានប្រជាប្រិយភាពមួយរបស់ខេត្តកោះកុង គួបផ្សំនឹងការអភិវឌ្ឍរីស៊ត សួនកម្សាន្តតាមបណ្តោយឆ្នេរ កន្លែងលេងទឹក កំពង់ផែទេសចរណ៍ និងកន្លែងកម្សាន្តជាច្រើនទៀត។
ក្នុងនាមរដ្ឋបាលខេត្ត លោក អ៊ុក ភក្រ្តា អភិបាលរងខេត្តកោះកុង បាន គាំទ្រលើគម្រោងវិនិយោគអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ក្រុងខេមរភូមិន្ទនេះ ព្រោះកន្លងមកក្រុងខេមរភូមិន្ទ មានតែឆ្នេរសមុទ្រមួយកន្លែងនេះទេ ហើយក៏មិនទាន់បានរៀបចំបានល្អប្រសើនោះដែរ ។
លោក អ៊ុក ភក្ត្រា បន្ថែមថា ដូច្នេះការស្នើវិនិយោគគម្រោងនេះ គឺពិតជាមានសារៈសំខាន់ណាស់ ហើយក៏ជួយក្រុងខេមរភូមិន្ទ ឱ្យមានកន្លែងកម្សាន្តថ្មី ដែលអាចទាក់ទាញភ្ញៀវទេសចរបានច្រើន ក្នុងនោះនៅពេលផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ ស្ថាបនារួចរាល់ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា ភ្ញៀវទេសចរនឹងមកកម្សាន្តខេត្តកោះកុង ពិសេសក្រុងខេមរភូមិន្ទនេះកាន់តែច្រើន។
តែក្នុងនោះ លោក ថា ការស្នើសុំវិនិយោគនេះ គឺត្រូវអនុវត្តឱ្យស្របនីតិវិធីច្បាប់ ត្រូវការការៀបចំក្រុមការងារចុះសិក្សាទីតាំង និងត្រូវស្នើសុំគោលការណ៍អនុញ្ញាតលើការជួលទីតាំងដីពីគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងត្រូវរៀបចំផែនការមេប្រើប្រាស់ដី និងហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍឱ្យបានច្បាស់លាស់ផងដែរ។
សូមរម្លឹកថា ៖ បើនិយាយាពី កោះកុង ទេសចរជាតិ-អន្តរជាតិ នឹងនឹកឃើញដល់ ការកម្សាន្តដ៏ពេញនិយមនៅតំបន់ រមណីយដ្ឋានប្រជុំកោះនៃខេត្តនេះ មានការ ជួលទូកជិះស្ទូចត្រី មុជទឹកសមុទ្រមើលផ្កាថ្ម និងប្រព័ន្ធជីវចម្រុះនៅបាតសមុទ្រ ព្រមទាំង ការជិះទូកទស្សនាតំបន់កោះនានា ស្ថិតនៅ ប្រជុំកោះក្បែរៗនោះ៕
ដោយ ៖ សិលា