ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តលឿនជ្រុលចង្កូតធ្លាក់ចូលប្រឡាយទឹកបណ្តាលឱ្យស្លាប់

ចែករំលែក៖

ខេត្តព្រៃវែង៖ បុរសម្នាក់បើករថយន្តកាមរីឆ្លាមមួយគ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលធ្លាក់ផ្លូវក្រឡាប់លិចបាត់ក្នុងទឹកប្រឡាយ បណ្តាលឱ្យអ្នកបើកបរជាប់ក្នុងរថយន្ត ឈ្លក់ទឹកស្លាប់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១០ព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចលើផ្លូវខ្នងប្រឡាយខាងត្បូង ស្ពានតាប៊ិត ភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ធល ចាន់ធូ អាយុ២៩ឆ្នាំ មានទីលំនៅភូមិចំការចេកទី១ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ជាអ្នកបើកបររថយន្តម៉ាកតូយ៉ូតា កាមរីឆ្លាម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខត្បូងឃ្មុំ 2A-2737 ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះប្រើប្រាស់គ្រឿងស្រវឹង បើកបររថយន្តតាមផ្លូវខ្នងប្រឡាយ លឿនជ្រុលធ្លាក់ចុះពីផ្លូវក្រឡាប់លិចបាត់ក្នុងប្រឡាយ ជាប់អ្នកបើកបរ ចេញមិនរួច ឈ្លក់ទឹកស្លាប់ ។

បន្ទាប់ពីកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច យករថយន្ត ចងអូសឡើងគោក ពិនិត្យកោសល្យវិច័យរួចប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖