ភ្នំពេញ ៖ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នេះ សមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានត្រៀមរៀបចំសំណុំរឿងប្តីប្រពន្ធ២ នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និង ឆបោក ដែលមានទំហំទឹក ប្រាក់ប្រមាណ ៤ ម៉ឺនដុល្លារអាមេរិក ។
ដោយទទួលបញ្ជាដឹកនាំពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលផែនការិ យាល័យព្រហ្មទណ្ឌកម្រិតស្រាល ។ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យចំនួន២ នាក់ប្តីប្រពន្ធ នៅចំណុចមុខផ្ទះលេខ ២៥៦ ផ្លូវលេខ១៥ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ២០២៣ និងអំឡុងខែមេសា ឆ្នាំ២០២៤ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ជនសង្ស័យម្នាក់ឈ្មោះ ជា សំអាត ភេទប្រុស អាយុ៤៣ ឆ្នាំ មានទីលំនៅផ្ទះ លេខ១១៨០ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ ជាបុគ្គលិកក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម (ប្តី) និងម្នាក់ឈ្មោះ កែវ ស៊ីវលី ភេទស្រី អាយុ៣១ ឆ្នាំ (ជាប្រពន្ធ) មុខរបរនៅផ្ទះ ។
ការចាប់បញ្ជូនខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធខាងលើនេះ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនោះ សមត្ថកិច្ចបញ្ជាក់ថា ជាការអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនរបស់ស្ថាប័នអយ្យការ ដែលសង្ស័យបានប្រព្រឹត្តអំពើល្មើសច្បាប់.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ដោយប្រើប្រាស់នូវមូលប្បទានប័តគ្មានសាច់ប្រាក់”សែកស្អុយ”ប្រមាណ៤ ម៉ឺនដុល្លារអាមេរិក ៕
ដោយ ៖ រ៉ារ៉ា