ភ្នំពេញ ៖ ស្ត្រីម្នាក់ដើរឆ្លងផ្លូវទៅរង់ចាំជិះរថយន្តក្រុង ត្រូវបានម៉ូតូបើកលឿនជ្រុលបុក បណ្តាលឱ្យស្ត្រីម្នាក់របួសធ្ងន់បាក់ជើងឆ្វេង ចំណែកបុរសអ្នកបើកម៉ូតូរបួសស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកថ្មើរជើង ឈ្មោះ អោម កូលាប ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅក្នុងភូមិកើតហេតុ មានស្រុកកំណើតភូមិក្រសាំងតាម៉ង់ ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ចំណែកភាគីអ្នកបើកម៉ូតូ មានឈ្មោះ ឃឹម បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិពោធិស្ទៀង ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម បើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1S-9147 ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដើរ ឆ្លងផ្លូវ ដើម្បីរង់ចាំជិះរថយន្តក្រុងទៅធ្វើការ ស្រាប់តែភាគីខាងម៉ូតូជិះពីត្បូងទៅជើងជ្រុលបុកបណ្តាលឱ្យស្ត្រីរងគ្រោះបាក់ជើងឆ្វេង ចំណែកអ្នកបើកម៉ូតូរងរបួសដៃស្រាល ។
បន្ទាប់ពីកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។
ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌបណ្តោះអាសន្ន រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ៖ ជ្រោយពេជ្រ