ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៤លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយលោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ក្នុងពិធីនេះលោករដ្ឋមន្ត្រី បានសម្តែងនូវការកើតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពសកម្ម និងលទ្ធផលការងារ ដែលគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យសម្រេចបាននាពេលកន្លងមក ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដូចជា គ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ និងបញ្ហាប្រឈមផ្សេងៗទៀត។ 

ជាមួយគ្នានេះដែរលោករដ្ឋមន្ដ្រី ឌិត ទីណា ប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា កម្មវិធីនេះ ប្រារព្ធឡើងដើម្បីកៀងគរ ប្រមូលសប្បុរសជនក្នុងខេត្ត ចូលរួមក្នុងចលនាជាតិជាមួយកាកបាទក្រហមកម្ពុជា ដើម្បីការងារមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយនានា។

បើតាមលោករដ្ឋមន្ដ្រី កាកបាទក្រហមកម្ពុជាមានគ្រប់ កន្លែង និងមិនទុកនរណាម្នាក់ចោលឡើយ។ លើសពីនេះទៀតលោកប្រធានក្រុមការងារ បានបញ្ជាក់បន្ថែមថា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមខេត្តប៉ូលសេដ្ឋកិច្ចទី៤ ដែលត្រូវយកចិត្តទុកដាក់ និងជំរុញ ទាំងការងារកសិកម្ម សេវាកម្ម បច្ចេកវិទ្យា និងវិស័យ

សំខាន់ៗផ្សេងទៀត ដើម្បីជួយខេត្ត ប្រជាពលរដ្ឋ រីក ចម្រើន ទាំងសេដ្ឋកិច្ច និងសង្គម។ 

ប្រធានក្រុមការងារ បានសង្កត់បញ្ជាក់ថា រាល់ការចូល រួមជាថវិកា និងសម្ភារ ពីសប្បុរសជន តែងតែបានកត់ ត្រាយ៉ាងច្បាស់លាស់ ហើយថ្ងៃនេះលោកប្រធាន រង់ចាំស្វាគមន៍ និងទទួលសប្បុរសជន ក្នុងការចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ជនរង គ្រោះ និងខ្លួនឯង។ លោកប្រធាន បានប្រកាសប្រកាន់ជំហរបន្តបង្កើតចលនាមូលនិធិសប្បុរសជននេះ នៅឆ្នាំខាងមុខទៀត ហើយនៅពេលដែលមូលនិធិកើន នោះការជួយពលរដ្ឋកាន់តែមានសន្ទុះកើនឡើងផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖