ខេត្តកំពង់ស្ពឺ៖ ស្ត្រីមានផ្ទៃពោះម្នាក់ដែលគ្រប់ខែសម្រាល កូន ត្រូវបានក្រុមគ្រូពេទ្យឆ្មបនៃមណ្ឌលសុខភាពស្រុកឱរ៉ាល់ជួយអន្តរាគមន៍ទាន់ពេល ខណៈឈឺពោះ កំពុងធ្វើដំណើរតាមផ្លូវទៅកាន់មន្ទីរពេទ្យ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។
លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ថា នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ស្ត្រីឈ្មោះ រឹម លី អាយុ ២៧ឆ្នាំ បានឈឺពោះសម្រាលកូនតាមផ្លូវនៅភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ពេលដែលកំពុងធ្វើដំណើរតាមម៉ូតូជាមួយប្តីឆ្ពោះទៅកាន់មន្ទីរពេទ្យ។ តែដោយសារស្ថានភាពនៃការឈឺពោះសម្រាលមានសភាពធ្ងន់ធ្ងរ មិនអាចបន្តដំណើរ ប្តីរបស់ស្ត្រីរូបនេះក៏បានសុំផ្ទះអ្នកស្រុកដើម្បីដាក់ប្រពន្ធ ហើយទៅតាមគ្រូពេទ្យមណ្ឌលសុខភាពឱ្យមកជួយសម្រាល។
លោក ហុក គ្រី បានបញ្ជាក់ថា ក្រោមកិច្ចអន្តរាគមន៍ទាន់ពេលវេលាយ៉ាងយកចិត្តទុកដាក់ ពីក្រុមពេទ្យឆ្មបនៃមណ្ឌលសុខភាពឱរ៉ាល់ ការសម្រាលបានប្រព្រឹត្តិទៅដោយជោគជ័យ និងមានសុវត្ថិភាពទាំងម្តាយ និងកូន ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការមើលថែបន្តពីក្រុមពេទ្យនៃមណ្ឌលសុខភាពឱរ៉ាល់៕
ដោយ៖ សូរិយា