ឃ្លាំងផ្ទុកប្រេងមួយក្នុងតំបន់ Krasnodar របស់រុស្ស៊ីបានឆេះដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (UAVs) កាលពីយប់ថ្ងៃទី ៩ ខែឧសភា។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax ថ្ងៃនេះ (៩ ឧសភា) បានដកស្រង់សេចក្តីថ្លែងការណ៍របស់អាជ្ញាធររុស្ស៊ីដែលបញ្ជាក់ថា អ៊ុយក្រែនបានដាក់ពង្រាយ UAVs ដើម្បីវាយប្រហារឃ្លាំងផ្ទុកប្រេងឥន្ធនៈនៅទីក្រុង Anapa ក្នុងទឹកដី Krasnodar ដែលក្នុងនោះ UAVs ៦គ្រឿងផ្សេងទៀតត្រូវបានបាញ់ទម្លាក់នៅតំបន់នោះ។
គ្មាននរណាម្នាក់ស្លាប់ឬរងរបួសក្នុងហេតុការណ៍នោះទេ ។ រុស្ស៊ីបានដាក់ពង្រាយរថយន្ត២០គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ៦២គ្រឿងទៅកន្លែងកើតហេតុ ដើម្បីព្យាយាមពន្លត់ភ្លើង។ ការខូចខាតសម្ភារៈមិនត្រូវបានប៉ាន់ប្រមាណទេ។
នាថ្ងៃដដែល អភិបាលរដ្ឋ Belgorod របស់រុស្ស៊ី លោក Vyacheslav Gladkov បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៨ នាក់បានរងរបួសដោយការបាញ់ផ្លោងរបស់អ៊ុយក្រែន។ លោក Gladkov បានប្រាប់ថា៖ «ក្មេងស្រីអាយុ១១ឆ្នាំម្នាក់បានរងរបួសដោយគ្រាប់បែកនៅជើង ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់»។
លើសពីនេះ ការវាយឆ្មក់របស់អ៊ុយក្រែនបានបំផ្លាញអគារផ្ទះល្វែងចំនួន១៩និងរថយន្តចំនួន៣៧ គ្រឿង។ រូបភាពដែលបានបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញពីការផ្ទុះឆេះនៅតាមដងផ្លូវ បន្ទាប់ពីត្រូវគ្រាប់ផ្លោងចេញពីកាំភ្លើងធំ។
ការវាយឆ្មក់ចុងក្រោយបង្អស់របស់អ៊ុយក្រែនបានកើតឡើងនៅពេលដែលប្រទេសរុស្ស៊ីកំពុងរៀបចំព្រឹត្តិការណ៍ដើម្បីអបអរសាទរទិវាជ័យជម្នះលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី 2 (ថ្ងៃទី 9 ឧសភា) ។ មុននេះ កាលពីថ្ងៃទី ៨ ឧសភា រុស្ស៊ីបានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំទៅលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់ប្រទេសអ៊ុយក្រែន ដែលបណ្តាលឱ្យខូចខាតដល់រោងចក្រថាមពលកម្ដៅយ៉ាងហោចណាស់ចំនួន ៣ និងរោងចក្រវារីអគ្គិសនីចំនួន ២ ៕ ដោយ៖ ធីរីណា
រូបថត៖ GettyImages