ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានចាប់បញ្ជូនជន សង្ស័យជាជនជាតិចិនចំនួន៤នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ពាក់ព័ន្ធពីបទចាប់ជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នា ។
ជនសង្ស័យទាំង៤នាក់នោះមាន ៖
១.ឈ្មោះ WANG YONG ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុន MENG SHENG ស្នាក់នៅបុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២.ឈ្មោះ QIN HUI ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិអនឡាញ ស្នាក់នៅអគារមួយ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
៣.ឈ្មោះ ZHENG YONG ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
៤.ឈ្មោះ CHU ZHUANG ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅអគារមួយកន្លែងនៅកក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ការចាប់បញ្ជូនខ្លួនជនជនសង្ស័យទាំង៤ នាក់ទៅសាលាដំបូងរាជធានីភ្នំពេញនេះ មន្ត្រីនគរបាលព្រហ្មទណ្ឌបានបង្ហើបឱ្យដឹងថា កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ មានករណីចាប់ជំរិតទារប្រាក់មួយនៅចំណុចហាងខារ៉ាអូខេយីហោ NUMBER9 ស្ថិតនៅផ្លូវសុធារស សង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នា៦នាក់ ដោយប្រើប្រាស់មធ្យោបាយធ្វើសកម្មភាព ជិះរថយន្តចំនួន២គ្រឿង បានចូលទៅក្នុងបរិវេណខារ៉ាអូខេយីហោNUMBER9នោះ ហើយចាប់បង្ខំ ដោយប្រើហិង្សាទៅលើជនរងគ្រោះម្នាក់ឈ្មោះ WANG JIE ភេទប្រុស អាយ២៩ ឆ្នាំ ជាជនជាតិចិនដូចគ្នា រុញបញ្ចូលទៅក្នុងរថយន្តម៉ាកអាល់ហ្វាដ ដែលមានរថយន្តមួយគ្រឿងទៀតម៉ាកឡង់គ្រីស័រ បិទគូទពីក្រោយ បើកគេចខ្លួនចេញទៅបាត់ គឺយកជនរងគ្រោះទៅជំរិតទារប្រាក់ជាង៥ម៉ឺនដុល្លារអាមេរិក ។ បន្ទាប់ពីកើតហេតុមានមិត្តភក្តិជនរងគ្រោះដែលនៅស្ថិតទីនោះផ្ទាល់ បានទៅដាក់ពាក្យបណ្តឹងនៅសមត្តកិច្ចនគរបាលប៉ុស្តិមូលដ្ឋានចតុមុខភ្លាមៗ ស្តីពីករណីចាប់ជំរិតទារប្រាក់នោះ ។ ដោយទទួលបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជូន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងដែលមានលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវនិងឈានដល់ការបង្ក្រាបចាប់ខ្លួនជនសង្ស័យជាជនជាតិចិនទាំង៤នាក់ជាបន្តបន្ទាប់តាំងពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ពីជនរងគ្រោះជាជនជាតិចិនដូចគ្នានោះ ។
ក្រោយចាប់ខ្លួនជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ដែលសំណុំរឿងនេះបានស្ថិតនៅលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ៕
ដោយ ៖ រ៉ារ៉ា