ភ្នំពេញ ៖ ប្តីប្រពន្ធ០២នាក់ជិះម៉ូតូឌុបគ្នា សុខៗ ក៏ស្រាប់តែឈ្លោះគ្នាកើតជាជម្លោះទាស់ពាក្យសម្តីគ្នារហូតដល់ឈប់ម៉ូតូ យកដែកកេះដុតម៉ូតូឆេះម៉ត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩និង៣៩នាទីព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ១១៨ កែងនឹងផ្លូវ មាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋលក់ដូរក្បែរកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុគេឃើញប្តីប្រពន្ធមួយគូខាងលើជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ ឌុបគ្នាតាមបណ្តោយផ្លូវលេខ១១៨ ។ លុះឌុបគ្នាមកដល់ចំណុចកើតហេតុ ស្រាប់តែប្តីទាស់សម្តីគ្នាជាមួយនឹងប្រពន្ធ ខណៈនោះបុរសជាប្តីបានឈប់ម៉ូតូ រួចហើយបានស្រែកខ្លាំងៗដាក់ប្រពន្ធ ធ្វើអោយស្រ្តីជាប្រពន្ធខឹងចុះពីលើម៉ូតូ ។ ភ្លាមៗនោះបុរសជាប្តីបានយកដែកកេះមកកេះដុតម៉ូតូដើម្បីគំរាមប្រពន្ធ ប៉ុន្តែគ្រាន់តែបើកគម្របធុងសាំង ក៏ស្រាប់តែឆាបចំហេះសាំងបណ្តាលអោយមានអណ្តាតភ្លើង ឆេះម៉ូតូតែម្តង ។ ពេលឃើញដូច្នេះ ប្តីប្រពន្ធទាំង០២នាក់ក៏បានយកដីខ្សាច់មកបាច់ពន្លត់វិញ តែមិនរលត់ឡើយ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ យកទុយយោមកជួយបាញ់ពន្លត់រហូតរលត់ជាស្ថាពរ ។ ប៉ុន្តែទម្រាំតែបាញ់រលត់ ម៉ូតូដែលឆាបឆេះខាងលើ សល់តែគ្រោងឆ្អឹងបាត់ទៅហើយ ។
ក្រោយពេលកើតហេតុ ប្តីប្រពន្ធខាងលើបានបណ្តើរគ្រោងឆ្អឹងម៉ូតូយកទៅផ្ទះវិញដោយសុវត្ថិភាព ៕
ដោយ៖ រ៉ារ៉ា