ភ្នំពេញ ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបអំពីករណីឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ស៊ុន ចន្ធី ភេទប្រុស អាយុ ៤៤ឆ្នាំ ជាប្រធានគណបក្ស កម្លាំងជាតិ ដូចតទៅ៖
ករណីឃាត់ខ្លួនឈ្មោះ ស៊ុន ចន្ធី សមត្ថកិច្ចអនុវត្តដោយទទួលបានការអនុញ្ញាតពីតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឱ្យចូលខ្លួនលេខ ២៨៨ អ.យ.ក ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធសំណុំរឿង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ហើយនៅវេលាម៉ោង ០៩:០០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុន ចន្ធី ភេទប្រុស អាយុ ៤៤ឆ្នាំ ប្រធានគណបក្សកម្លាំងជាតិ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបានប្រព្រឹត្តតាមរយៈបង្ហោះផ្សព្វផ្សាយ ព័ត៌មានលើបណ្តាញសង្គម ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មានមិនពិត នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំបង្កឱ្យ មានភាពវឹកវរក្នុងសង្គម។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា