ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្រោយពីយកកាំបិតប៉័ងតោបម្រុងកាប់សមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ប្រដាប់ដោយកាំបិតប៉័ងតោ ត្រូវបានសមត្ថកិច្ចក្រុងអរិយក្សត្រចាប់ខ្លួនបន្ទាប់ពីក្រុមជនសង្ស័យខាងលើនេះបម្រុងកាប់សមត្ថកិច្ច ខណៈដែលសមត្ថកិច្ចហៅឈប់ដើម្បីសួរនាំ ។ ករណីនេះបានកើតឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២និង៣០នាទីទៀបភ្លឺនៅចំណុចបណ្តោយផ្លូវ70B  ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

មន្ត្រីនគរបាលក្រុងអរិយក្សត្របានឱ្យដឹងថា ជនសង្ស័យចំនួន ០៥នាក់ (ឃាត់ខ្លួន​ ០៣នាក់​, គេចខ្លួន​០២នាក់) ១-ឈ្មោះ រិន ភក្តី  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នភូមិ ពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តា។ ២-ឈ្មោះ សុីម សុីឡេង (ហៅឆ្វេង)អាយុ១៨ឆ្នាំ មុខរបរ អនាម័យ មានទីលំនៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ៣-ឈ្មោះ​ ភួន​  សុផាត ភេទប្រុស អាយុ​១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌​ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកជនសង្ស័យ២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។ ដោយឡែកវត្ថុតាងចាប់យក ១-ម៉ូតូម៉ាកHONDA C125 ពណ៌ស ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1KK-3704 ចំនួន០១គ្រឿង (មធ្យោបាយរបស់ជនសង្ស័យ), ២-កាំបិតបុ័ងតោផ្លែដែកដងឈើចំនួន០១ (របស់ជនសង្ស័យ), ៣-មួកសុវត្ថិភាពពណ៌សចំនួន ០១(របស់ជនសង្ស័យ)និង ៤-ដុំដីចំនួន០២ដុំ(របស់ជនសង្ស័យ)។

ប្រភពដដែលបន្តថា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២និង៣០នាទីទៀបភ្លឺ កម្លាំងអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បានធ្វើការចេញល្បាតនៅចំណុចភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដាសេ១២៥ដែលមានគ្នា០៥នាក់ ដោយម៉ូតូពណ៌សជិះគ្នា០២នាក់ ចំណែកម៉ូតូពណ៌ខ្មៅជិះគ្នា០៣នាក់ ពេលសមត្ថកិច្ចឃើញបានហៅក្រុមម៉ូតូជនសង្ស័យឱ្យឈប់ដើម្បីសាកសួរ ប៉ុន្តែជនសង្ស័យមិនបានឈប់ ទើបកម្លាំងសមត្ថកិច្ចយើងបានជិះម៉ូតូប្រដេញដើម្បីត្រួតពិនិត្យ តែត្រូវជនសង្ស៏យដកកាំបិតបុ័ងតោដែលដាក់តាមខ្លួនប្រុងកាប់មកលើសមត្ថកិច្ច តែដោយសារសមត្ថកិច្ចមានគ្នាច្រើន ជនសង្ស័យក៏បានបោះកាំបិតចោលរួចជិះម៉ូតូគេចខ្លួន ចំណែកជនសង្ស័យជិះម៉ូតូពណ៌សត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនបាននៅចំណុចកំពង់ចម្លងអរិយក្សត្រ ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្របន្តធ្វើការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាបន្តទៀត ចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖