ខេត្តពោធិ៍សាត់ ៖ កម្លាំងផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកណ្ដៀង និងកងកម្លាំងប្រតិបត្តិការសឹករងខេត្ត បានចុះល្បាតនៅកន្លែងអភិរក្សជលផល អតីតឡូត៍នេសាទលេខ៦ និងឡូត៍លេខ៤រាំងទិល ប្រទះឃើញការធ្វើនេសាទខុសច្បាប់ដោយឧបករណ៍មងរាយនិងអួនអូសដៃក្នុងកន្លែងហាមឃាត់(កន្លែងអភិរក្សជលផល)កម្លាំងរឹបអូសបានវត្ថុតាង រីឯក្រុមជនប្រព្រឹត្តបានគេចខ្លួន ។
សមត្ថកិច្ចសហការចុះល្បាតនៅកន្លែងអភិរក្សជលផលធ្វើឡើងនៅកន្លែងអភិរក្សជលផល អតីតឡូត៍នេសាទលេខ៦ ស្ថិតក្នុងភូមិកោះក្អែកនិងអតីតឡូត៍នេសាទលេខ៤ នៅភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ជាលទ្ធផល៖ នៅកន្លែងអភិរក្សជលផលលេខ៦ រឹបអូសមងរាយ១ខ្សែប្រវែងប្រមាណ៩៥០ម៉ែត្រ និងត្រីចម្រុះទម្ងន់៥គីឡូក្រាម(ខូចគុណភាព)។ ដោយឡែក នៅឡូត៍អភិរក្សជលផលរាំងទិល រឹបអូសអ៊ួនអូសដៃចំនួន៣វង់ ប្រវែងប្រមាណ៦០ម៉ែត្រ ត្រីចម្រុះចំនួន១៥គីឡូក្រាម(ខូចគុណភាព)។
បច្ចុប្បន្ន វត្ថុតាងអួនអូសដៃចំនួន៣វង់ និងមងរាយ១ខ្សែ មន្ត្រីជំនាញរដ្ឋបាលជលផលយកទៅរក្សាទុក រីឯក្រុមជនប្រព្រិត្តគេចខ្លួន ។
នេះបើតាមការបញ្ជាក់ពីមន្ត្រីចុះប្រតិបត្តិការផ្ទាល់នាព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ៕
ដោយ៖ ប៉ឹម ពិន