ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំ បុគ្គលិក មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» គាំទ្រ «គម្រោងព្រែកជីកហ្វូណនតេជោ» យ៉ាងផុសផល ផ្សព្វផ្សាយ និងបង្ហោះរូបនៅលើបណ្តាញសង្គមហ្វេសប៊ុក

ចែករំលែក៖

ភ្នំពេញ ៖  ថ្នាក់ដឹកនាំ បុគ្គលិក មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» គាំទ្រ «គម្រោងព្រែកជីកហ្វូណនតេជោ» យ៉ាងផុសផល ជាមួយការផ្សព្វផ្សាយ និងបង្ហោះរូបនៅលើបណ្តាញសង្គមហ្វេសប៊ុក ចេញពីបេះគាំទ្ររាជរដ្ឋាភិបាល។ 

ដោយឡែកប្រជាពលរដ្ឋខ្មែរដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នៅក្នុងប្រទេស និងក្រៅប្រទេស កំពុងនាំគ្នាផ្លាស់ប្តូររូបថត Profile របស់ខ្លួននៅលើបណ្តាញសង្គមយ៉ាងផុសផុល ដោយមានភ្ជាប់ជាមួយពាក្យថា «យើងគាំទ្រព្រែកជីកហ្វូណនតេជោ ឬខ្ញុំគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ» ដែលបង្ហាញពីចលនាជាតិ និងការសាមគ្គីភាពរបស់មហាគ្រួសារខ្មែរយ៉ាងរឹងមាំ ទៅលើគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ ដូចថ្នាក់ដឹកនាំ បុគ្គលិក មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» គាំទ្រ «គម្រោងព្រែកជីកហ្វូណនតេជោ»នេះផងដែរ។ 

ជាការកត់សម្គាល់ការផ្តាស់ប្តូររូបថត Profile គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោនេះ គឺមានទាំងឧត្តមមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និស្សិត បញ្ញវន្តបុគ្គលិកស្ថាប័នឯកជន និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ដោយចាត់ទុកគម្រោងព្រែកជីកនេះ គឺជា «មោទកភាពជាតិ» ខ្មែរ ដែលផ្តល់ផលប្រយោជន៍យ៉ាងធំធេងតកូនតទៅ។ 

សូមបញ្ជាក់ថា ៖ ថ្លែងក្នុងឱកាសអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជានៅរាត្រីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវឲ្យបង្កើតចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោដ៏រឹងមាំ សំដៅសម្រេចឲ្យបាននូវព្រែកជីកហ្វូណនតេជោ ដើម្បីឲ្យលេចចេញជារូបរាងឡើង ទោះបីប្រទេសខ្លះចេញមកប្រឆាំងយ៉ាងណាក្ដី។ 

សម្ដេចតេជោ ហ៊ុន សែន បានទាត់ចោលនូវការលើកឡើងទាំងឡាយអំពីផលប៉ះពាល់របស់ប្រទេសវៀតណាម និងក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេស ដែលចាត់ទុកថា ការកសាងព្រែកជីកនេះ នឹងធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងបម្រើឲ្យកងទ័ពចិន។ ដោយសម្តេចតេជោ បានបញ្ជាក់ច្បាស់ៗជាថ្មីថា គម្រោងព្រែកជីកនេះ គឺបម្រើផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាសុទ្ធសាធ។ 

ក្នុងឱកាសនោះ សម្តេចតេជោ ក៏បានប្រកាសពីការប្តូរផ្តាច់ក្នុងការក៏សាងសាងព្រែកជីកហ្វូណនតេជោឲ្យមានជោគជ័យដោយមិនរាថយឡើយ ព្រោះគម្រោងនេះ នឹងនាំមកនូវផលប្រយោ ជន៍ដ៏មហិមានាសម្រាប់ប្រជាជាតិខ្មែរនាពេលអនាគត ខណៈកម្ពុជាមិនអាចបន្តនៅពឹងដង្ហើម ឬច្រមុះគេដករហូតនោះទេ។ 

ជាមួយគ្នានេះ សម្ដេចតេជោ បានពន្យល់ត្រួសៗថា ព្រែកជីកហ្វូណនតេជោ ផ្តល់ភាពងាយស្រួលលើការដឹកជញ្ជូនទំនិញ ផ្ទាល់ទៅកាន់សមុទ្ររបស់កម្ពុជា ដោយមិនបាច់ឆ្លងកាត់វៀតណាម និងមិនបាច់បង់ថ្លៃបន្ថែម ពេលឆ្លងកាត់តាមប្រទេសវៀតណាម។ ហើយគម្រោងព្រែកជីកនេះ មិនត្រឹមតែធ្វើឲ្យរីកចម្រើននៅភាគនិរតីនោះទេ គឺនៅទូទាំងប្រទេសតែម្តង។ កសិផលនៅតាមខេត្តនានា នឹងអាចដឹកជញ្ជូនតាមព្រែកជីកនេះ។ 

តាមការសិក្សាបង្ហាញថា ផលចំណេញសេដ្ឋកិច្ចសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ គឺចន្លោះពី ២១%ទៅ ៣០% ដែលជាអត្រាខ្ពស់មួយសម្រាប់គម្រោង ដែលផ្តល់ផលចំណេញសេដ្ឋកិច្ចក្នុងកម្រិតនេះ។ ម៉្យាងទៀត គម្រោងនេះ ក៏នឹងផ្តល់ផលចំណេញផ្នែកដឹកជញ្ជូនសរុបចន្លោះពី ៨៨ទៅ ៥៧០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំផងដែរ។ 

កាលពីពេលថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់សាជាថ្មីថា គម្រោងព្រែកជីកហ្វូណន-តេជោត្រូវតែធ្វើឱ្យបាន ដែលត្រូវធ្វើយ៉ាងណាចាប់អនុវត្តគម្រោងនេះនៅឆ្នាំ ២០២៤នេះ ឬឆ្នាំ២០២៥យ៉ាងយូរ ខណៈនៅក្នុងខែកក្កដា ឬខែសីហា ឆ្នាំ២០២៤ កម្ពុជានឹងចុះកិច្ចព្រមព្រៀងសម្បទានមួយជាមួយក្រុមហ៊ុនឯកជន។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់សាជាថ្មីថា គម្រោងព្រែកជីកហ្វូណន-តេជោត្រូវតែធ្វើឱ្យបាន ហើយរាជរដ្ឋាភិបាលអត់មានគម្រោងកៀរគរលុយប្រជាពលរដ្ឋ ដើម្បីសាងសង់នោះទេ ទោះបីក្រុមហ៊ុនវិនិយោគរកលុយធ្វើមិនគ្រប់ ក៏កម្ពុជាត្រូវតែធ្វើឱ្យបាននូវគម្រោងព្រែកជីកនេះ។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ចំពោះព្រែកជីកហ្វូណន-តេជោ ដាច់ខាតត្រូវតែធ្វើឱ្យបាន ខ្ញុំសូមបញ្ជាក់ម្ដងទៀត ទី១រាជរដ្ឋាភិបាលអត់មានគម្រោងដើម្បីរៃអង្គាសពីបងប្អូនទេ មានបងប្អូនខ្លះចង់បង្កើតកុងដើម្បីទទួលយកថវិកាពីប្រជាពលរដ្ឋ អ្នកខ្លះគាត់ចង់បរិច្ចាគ»។

សម្ដេចធិបតីបានបន្តថា មិនសំខាន់រឿងលុយចូលបរិច្ចាគប៉ុន្មាននោះទេ សំខាន់រឿងទឹកចិត្តរបស់ប្រជាពលរដ្ឋ ហើយសម្ដេចឃើញសន្ទុះទឹកចិត្តប្រជាពលរដ្ឋធំធេងណាស់ក្នុងការគាំទ្រចំពោះគម្រោងព្រែកជីកនេះ។

សម្ដេចធិបតីបានជួបអ្នកវិភាគម្នាក់ អ្នកវិភាគនោះថាមិនដែលឃើញគម្រោងណាមួយមានចលនាជាតិនិយមនៅពីក្រោយខ្លាំងជាងគម្រោងព្រែកជីកហ្វូណន-តេជោនេះនោះទេ។ ម្យ៉ាងទៀត អ្នកដែលមាននិន្នាការផ្សេងពីរាជរដ្ឋាភិបាល ក៏គេចេញមកគាំទ្រ ព្រោះយល់ពីផលប្រយោជន៍ជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ក្រុមមួយនៅអាមេរិកដែលបដិសេធគម្រោងព្រែកជីកនេះ គឺដើរក្រឡាខុសហើយ ខណៈប្រជាពលរដ្ឋទូទាំងប្រទេសរាប់លាននាក់បានយល់ពីតម្លៃមួយនេះ ហើយបានផ្ដល់ការគាំទ្រយ៉ាងផុសផុល។

សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីអាណត្តិទី៦ បានផ្ដួចផ្ដើមឱ្យមានគម្រោងនេះ ដូច្នេះរាជរដ្ឋាភិបាលអាណត្តិទី៧នេះត្រូវតែអនុវត្តគម្រោងនេះឱ្យបាន។

សម្ដេចបានគូសបញ្ជាក់ថា នេះជាគម្រោង BOT រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន គឺដូចទៅនឹងគម្រោងផ្លូវល្បឿនលឿនដែរ ពោលគឺក្រុមហ៊ុនឯកជនមានថវិកាធ្វើគម្រោងទាំងនេះ ហើយរាជរដ្ឋាភិបាលអនុញ្ញាតសិទ្ធិឱ្យកាន់កាប់ប៉ុន្មានឆ្នាំ ដល់ឆ្នាំកំណត់គឺនឹងផ្ទេរមកឱ្យរាជរដ្ឋាភិបាលវិញ។ ប៉ុន្តែទោះបីក្រុមហ៊ុនវិនិយោគរកលុយធ្វើមិនបានគ្រប់ ក៏កម្ពុជាត្រូវតែធ្វើឱ្យបាននូវព្រែកជីកនេះ។

សម្ដេច ហ៊ុន ម៉ាណែត បានជំរុញទៅកាន់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើយ៉ាងណាចាប់អនុវត្តគម្រោងនេះនៅឆ្នាំ២០២៤នេះ ឬឆ្នាំ២០២៥យ៉ាងយូរ ខណៈនៅក្នុងខែកក្កដា ឬខែសីហា ឆ្នាំ២០២៤ កម្ពុជានឹងចុះកិច្ចព្រមព្រៀងសម្បទានមួយជាមួយក្រុមហ៊ុនឯកជន។

លើសពីនេះ សម្ដេចនាយករដ្ឋមន្ត្រីបានផ្ដាំទៅក្រុមប្រឆាំងក្រៅស្រុកថា អ្នកដែលចង់បង្កើតចលនាប្រឆាំង គឺធ្វើមិនជោគជ័យទេ ព្រោះនេះជាការប្រឆាំងនឹងប្រជាជនខ្មែរ ប្រឆាំងផលប្រយោជន៍ជាតិ។

គួរជម្រាបថា គម្រោងព្រែកជីកហ្វ៊ូណន-តេជោ ដែលតភ្ជាប់ពីទន្លេមេគង្គទៅសមុទ្រ គឺជាគម្រោងប្រវត្តិសាស្ត្រថ្មីមួយដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ជូនជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ។ ពោលព្រែកជីកនេះជាចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ តាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក និងនាវាចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចកម្ពុជាទៅថ្នាក់តំបន់និងពិភពលោក ព្រមទាំង អាចជួយរំដោះទឹកជំនន់នៅតាមខេត្តភាគនិរតី ជាប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋកម្ពុជា ប្រកបរបរកសិកម្ម វារីវប្បកម្ម និងជួយសម្រួលការដឹកជញ្ជូនក សិផលនានាពីតាមបណ្តា ខេត្តឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយការចំណាយពេលវេលាជាដើម។

គម្រោងព្រែកជីកនេះដែរគឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រ របស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង សរុបប្រមាណ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចំណាយទុន ប្រមាណ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់ដោយប្រើពេលវេលា២៦ខែ។ គម្រោងនេះត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ ក្នុងឆ្នាំ២០២៣ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយក៏ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ទាំងសម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជីកព្រែកជីកហ្វ៊ូណន-តេជោ ដើម្បី បម្រើប្រយោជន៍ផ្នែកសេដ្ឋកិច្ច ជាពិសេសការតភ្ជាប់បណ្តាញដឹកជញ្ជូនតាមផ្លូវទឹក រវាងទន្លេ និងសមុទ្ររបស់កម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖