ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យាបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយទំនើបកើនឡើង បង្កើតឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ជាមួយវិបត្តិហិរញ្ញវត្ថុ ការធ្លាក់ចុះនៃចំណូលពាណិជ្ជកម្ម។ លោករដ្ឋមន្ត្រីថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រារព្ធខួប ១០ ឆ្នាំនៃការបង្កើតកាសែតខ្មែរថាមស៍ នាល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
លោករដ្ឋមន្ត្រី បានបន្ថែមផងដែរថា៖ «រហូតមកដល់ពេលនេះ ខ្មែរថែមស៍គឺជាសារព័ត៌មានបោះពុម្ពជាភាសាអង់គ្លេសមានតែមួយគត់ ក្រោយកាសែតភ្នំពេញប៉ុស្តិ៍ ភាសាខ្មែរ និងអង់គ្លេស ប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ និងបន្តការផ្សព្វផ្សាយរបស់ខ្លួននៅលើអនឡាញ»។
បន្ថែមពីលើនេះ ការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងមធ្យោបាយទទួលព័ត៌មានរបស់ប្រជាពលរដ្ឋកាន់តែងាយស្រួល និងទំនើប ព្រមជាមួយនឹងភាពសំបូរបែបនៃខ្លឹមសារ ជាដើមចមនៃការធ្លាក់ចុះនៃប្រព័ន្ធផ្សព្វផ្សាយបុរាណដូចជាកាសែត វិទ្យុ និងទូរទស្សន៍។
ការធ្វើសមាហរណកម្ម និងបរិវត្តកម្មក្នុងបរិបទឌីជីថលសម្រាប់ប្រព័ន្ធផ្សព្វផ្សាយបរុាណជាភាពចាំបាច់ រួមជាមួយការបង្កើនគុណភាពព័ត៌មាន គុណភាពវិជ្ជាជីវៈដើម្បីប្រសិទ្ធភាពនៃការប្រកួតប្រជែង និងបន្ស៊ាំនឹងការប្រែប្រួលនៃបច្ចេកវិទ្យា៕
ដោយ៖ សូរិយា