ទិន្ន័យមួយបានបង្ហាញថា កាលពីថ្ងៃសុក្រ (10 ឧសភា) ការនាំចេញរថយន្តរបស់ប្រទេសចិនបានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងខែមេសាខណៈដែលការលក់ក្នុងស្រុកបានធ្លាក់ចុះ 5.8 ភាគរយធៀបនឹងឆ្នាំមុន ចំពេលមានការប្រកួតប្រជែងតម្លៃកាន់តែខ្លាំង និងការប្រុងប្រយ័ត្នរបស់អ្នកប្រើប្រាស់អំពីការចំណាយលើទំនិញធំ ៗ ក្នុងអំឡុងពេលដែលសេដ្ឋកិច្ចកំពុងតែងើបឡើងយឺតៗ។
ប៉ុន្តែសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បាននិយាយថា ការនាំចេញរថយន្តបានកើនឡើង 38 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់ 417,000 គ្រឿងក្នុងខែមេសា ដោយបន្តសន្ទុះខ្លាំងពីខែមុន។
លោក Cui Dongshu អគ្គលេខាធិការសមាគមបាននិយាយថា ការស៊ើបអង្កេតប្រឆាំងពីសហភាពអឺរ៉ុបចំពោះក្រុមហ៊ុនផលិតរថយន្តចិនបានរំខាន និងដាក់សម្ពាធលើការនាំចេញរថយន្តទៅកាន់តំបន់មួយចំនួន ប៉ុន្តែប្រទេសចិនបាននិងកំពុងស្វែងរកយ៉ាងសកម្មនូវទីផ្សារអាមេរិកខាងត្បូង អូស្ត្រាលី និងអាស៊ានសម្រាប់ការនាំចេញ។ គាត់បានបន្ថែមថា ក្រុមហ៊ុនផលិតរថយន្តចិនត្រូវជ្រើសរើសយកទីផ្សារក្រៅស្រុក បើមិនដូចនេះទេពួកគេអាចនឹងស្លាប់ដោយសារតែការប្រកួតប្រជែងខ្លាំងខ្លាបំផុតនៅក្នុងទីផ្សាររថយន្តក្នុងស្រុករបស់ចិន។
ដោយសារតែទីផ្សារក្នុងស្រុកធ្លាក់ចុះខ្លាំងបែបនេះហើយទើបក្រុមហ៊ុន ឡានអគ្គីសនីTesla និង BYDចាប់ផ្តើមផ្តល់ជម្រើសល្អឲ្យអតិថិជនទិញឡានបង់រំលស់ដោយមិនបាច់មានប្រាក់ចូលរួមមុនឡើយ ៕
ដោយ៖ ភារៈ