ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យសមត្ថកិច្ចជំនាញនិងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅធ្វើការស្រាវជ្រាវជាបន្ទាន់លើករណីស្ត្រីពាក់ស័ក្តិ៤កន្លះ និងឃាត់ខ្លួនស្រ្តី ។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធទាំងស្រុងចំពោះស្រ្តីនគរបាលម្នាក់មានឋានន្តរស័ក្តិវរសេនីយ៍ទោ ដូចក្នុងរូបភាពនេះ មានឈ្មោះ ស៊ុន ស៊ីន ដែលរងការចោទប្រកាន់បានបោកប្រាស់លុយកាក់ប្រជាពលរដ្ឋបានផ្សព្វផ្សាយតាមបណ្តាញសង្គម គឺមិនមែនកូនចៅ របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធនីភ្នំពេញនោះទេ ដោយស្រ្តីនគរបាលនេះក៏មិនបម្រើការងារក្នុងអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះឡើយ។ លោកស្នងការក៏បានបញ្ជាឲ្យសមត្ថកិច្ចជំនាញនិងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅធ្វើការស្រាវជ្រាវជាបន្ទាន់លើករណីនេះនិងឃាត់ខ្លួនស្រ្តីនោះយកមកសាកសួរតាមនីតិវិធី។ ជាមួយនោះ លោកស្នងការក៏បានអំពាវនាវជនរងគ្រោះក្នុងករណីបោកប្រាស់លុយកាក់នេះ សូមមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឬនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ ៖ សិលា