ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលក្រុងបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់ ! ករណីចាក់ដីនិងថ្មបុកគ្រឹះសំណង់រឹង រំលោភចូលទន្លេប្រហែល១០ម៉ែត្រ នៅក្រុងអរិយក្សត្រ

ចែករំលែក៖

ខេត្តកណ្ដាល ៖ នាល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានបញ្ជាឲ្យកូនចៅចុះទៅទប់ស្កាត់ករណីឈ្មួញអ្នកមានលុយមួយរូប ដែលព្រហើនហ៊ានចាក់ដីនិងថ្ម ហើយបុកគ្រឹះសំណង់រឹង រំលោភចូលទន្លេប្រហែល១០ម៉ែត្រ ក្នុងភូមិឃ្លាំងមឿងត្បូង សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ។

ប្រាប់អ្នកសារព័ត៌មាន លោកអភិបាលក្រុងបានថ្លែងថា ៖ លោកចាត់ឱ្យក្រុមការងារចុះពិនិត្យ។ ទោះយ៉ាងណា លោកអភិបាលក្រុងពុំបានបញ្ជាក់ឲ្យចំឈ្មោះម្ចាស់ដីនោះទេ តែគេដឹងថាជារបស់អ្នកមានលុយគ្រាក់ៗមួយរូប។

គួរបញ្ជាក់ថា ៖ ករណីចាក់ដីចូលទន្លេនេះ ប្រជាពលរដ្ឋសម្ដែងការមិនពេញចិត្ត ដ្បិតប្រជាជនតូចតាចធ្វើមិនបានឡើយលើដីចំណីទន្លេ តែចំពោះអ្នកធំ អ្នកមានលុយ បែរជាអាចធ្វើបានទៅវិញ។ ប្រជាពលរដ្ឋក៏ស្នើដល់ថ្នាក់ដឹកនាំមេត្តាពិនិត្យលើរឿងនេះផង។ 

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម  នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»ថា ៖ ករណីចាក់ដីនិងថ្មបុកគ្រឹះសំណង់រឹង រំលោភចូលទន្លេ នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល ទោះអាជ្ញាធរមូលដ្ឋានមិនបញ្ជាក់ពី អត្តសញ្ញាណក៏ដោយ អ្វីដែលខុសច្បាប់ អ្នកច្បាប់ខាងជំនាញ បច្ចេកទេស របស់ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវមានវិធានការ ដោយគ្មានការលើកលែង ។ 

លោកបន្តថា ៖ កន្លងទៅលោក អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យបច្ចេកទេសករណីចាក់ថ្មច្រាំងទន្លេ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានឱ្យបញ្ឈប់សកម្មភាព និងពិនិត្យលើផលប៉ះពាល់ដែលត្រូវ ទទួលខុសត្រូវតាមកម្រិតណា ៕ 

ដោយ ៖ សិលា


ចែករំលែក៖