ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍៣កន្លែងផ្សេងគ្នាបណ្ដាលអោយបុរសម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាល៤នាក់នៅខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងនារសៀលថ្ងៃទី១២ខែឧសភាឆ្នាំ២០២៤នេះថា ករណីទី១កើតឡើងនៅវេលាម៉ោង៦និង១៨នាទីល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៦-១៥៧ ខាងមុខខ្លោងទ្វារវត្តស្វាយកណ្ដាល ស្ថិតនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត រវាងម៉ូតូនឹងម៉ូតូ បុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យរបួសធ្ងន់ទាំងសងខាង២នាក់មិនស្គាល់អត្តសញ្ញាណ ប្រុសស្រី ត្រូវបានសមត្តកិច្ចដឹកទៅកាន់មន្ទីរពេទ្យ។
ករណីទី២កើតឡើងនៅវេលាម៉ោង៨និង៣០នាទីយបថ្ងៃទី១២ខែឧសភាឆ្មាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត រវាងម៉ូតូនឹងម៉ូតូបណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ (ប្រុសទាំង២នាក់)មិនត្រូវបានស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ចដឹកអ្នករងរបួសយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត។
ករណីទី៣ បានកើតឡើងនៅវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៦៤-១៦៥ ស្ថិតនៅក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត កើតឡើងរវាងរថយន្តនឹងម៉ូតូសណ្ដោងរុឺម៉កក្នុងទិសដៅស្របគ្នាពីកើតទៅលិចត្រូវរថយន្តបុកពីក្រោយបណ្ដាលឱ្យជនរងគ្រោះបាត់បង់ជីវិតតាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដ១គ្រឿងម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BV-7061 បើកបរដោយឈ្មោះ HE SHI ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូក្រោនមានស្រុកកំណើតនៅខេត្តខួយចូវ ប្រទេសចិន បច្ចុប្បន្នស្នាក់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង បើកបរពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុខាងលើក៏បានបុកជាមួយម៉ូតូសណ្ដោងរុឺម៉ក១គ្រឿង ពណ៌ខ្មៅ គ្មានស្លាកលេខ ម៉ូតូគ្មានកញ្ចក់មើលក្រោយ បើកបរដោយឈ្មោះចាន់ ធាសុថៃ ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដឹកទឹកកក មានទីលំនៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុងចំពីក្រោយពេញទំហឹង បណ្តាលឱ្យជនរងគ្រោះរបួសធ្ងន់ធ្ងរ ហើយបានស្លាប់បាត់បង់ជីវិតនៅតាមផ្លូវមុនពេលបញ្ជួនដល់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។ ម៉ូតូរ៉ឺម៉ករងកាតខូចខាតធ្ងន់ធ្ងរ ចំណែករថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំដែរ។
តាមប្រភពបន្តថា បន្ទាប់មកសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តជនជាតិចិនយកទៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីដោះស្រាយតាមច្បាប់ រីឯសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជួនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកមធ្យោបាយ រថយន្តនិងម៉ូតូសណ្ដោងរុឺម៉កយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដោះស្រាយនៅពេលក្រោយ។
សមត្ថកិច្ចធ្វើការសន្និដ្ឋានថា មូលហេតុអ្នកបើកបររថយន្ដជនជាតិចិនបើកបរប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕
ដោយ៖ សុថាន