ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនល្មើស២នាក់ ករណីជួញដូរគ្រឿងញៀនរឹបអូសបានថ្នាំញៀនជិត ៣គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៧) នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៣៖០៥នាទី ដោយ ដឹកនាំដោយលោក វរសេនីយ៍ឯក វ័រ វុទ្ធា នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក យេង ប៊ុនណា នាយការិយាល័យ សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ មានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុច តាមបណ្តោយផ្លូវលេខ ១០៨០ ភូមិស្រែអំបិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៧) បានឲ្យដឹងនាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ។

ចំពោះលទ្ធផលកម្លាំងជំនាញបានចាប់ខ្លួនជនល្មើស ២នាក់៖ ១.ឈ្មោះ ច័ន្ទ វីរ: (ឡុង ឆេកូ) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ និង ២.ឈ្មោះ សោម វិវឌ្ឍន៍ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ។ ចំណែកវត្ថុតាងចាប់យករួមមាន៖ ១.គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ២៩៨៨ក្រាម (ជិត៣គីឡូក្រាម)។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់និងវត្ថុតាង ត្រូវបាន សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖