ភ្នំពេញ ៖ ក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីទទួលបន្ទុកសេវាអត្តសញ្ញាណកម្ម ទូទាំងប្រទេស បានបន្តបំពេញតួនាទី និងភារកិច្ចផ្ដល់សេវាជូនប្រជាពលរដ្ឋយ៉ាងសកម្មជាប្រក្រតី ក្នុងនោះ មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសរុបចំនួន ៧ ៩០៣សន្លឹកទៀតហើយ ដែលត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាម អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែឧសភា កន្លងមកនេះ ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមានចំនួន៧៨៨សន្លឹក ថ្ងៃទី៧ ខែឧសភា បានផ្តល់ចំនួន១២៤៣សន្លឹក ថ្ងៃទី៨ ខែឧសភា បានផ្តល់ចំនួន១៥៦៤សន្លឹក ថ្ងៃទី៩ ខែឧសភា ផ្តល់ចំនួន១ ៤៦៥សន្លឹក ថ្ងៃទី១០ ខែឧសភា បានផ្តល់ចំនួន១៥៧៣សន្លឹក និងនៅថ្ងៃទី១១ ខែឧសភា ផ្តល់ចំនួន១២៧០សន្លឹក។
បន្ថែមលើការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក្នុងរយៈពេល៦ថ្ងៃដូចគ្នានោះ មន្ត្រីក៏បានបន្តផ្តល់សេវាអត្តសញ្ញាណកម្មផ្សេងទៀតជូនប្រជាពលរដ្ឋ យ៉ាងសកម្មផងដែរ ក្នុងនោះ រួមមាន លិខិតឆ្លងដែននិងលិខិតធ្វើដំណើរ ផ្ដល់បានសរុបចំនួន ៨ ៤១២ក្បាល នសៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារផ្ដល់សរុបបានចំនួន ៤ ២៣៤ក្បាល។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃដដែល។អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជាបណ្ណសម្រាប់សម្គាល់អត្តសញ្ញាណសញ្ជាតិខ្មែរលើបុគ្គលម្នាក់ៗមានសញ្ជាតិជាខ្មែរ។ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមានសារសំខាន់ ឬសារប្រយោជន៍ ដើម្បីប្រជាជនយកទៅប្រើប្រាស់បំពេញសំណុំឯកសារផ្សេងៗ តាមផ្លូវច្បាប់។ ប្រជាពលរដ្ឋខ្មែរទាំងពីភេទមានអាយុពី១៥ឆ្នាំឡើង អាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬនៅស្ថានីយ៍ចល័ត នៃឃុំ សង្កាត់ របស់ខ្លួន៕
ដោយ៖ សិលា