សារព័ត៌មាន AFP បានផ្សាយថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ រអិលបាក់ដី និងកម្អែភ្នំភ្លើងត្រជាក់ហូរចេញពីភ្នំភ្លើងមួយ ស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌូណេស៊ី កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានកើនដល់៤១នាក់ និង១៧នាក់ទៀតបានបាត់ខ្លួន។
មន្ត្រីម្នាក់មកពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំខេត្ត West Sumatra បានប្រាប់ AFP ថា តួលេខអ្នកស្លាប់កាលពីយប់ថ្ងៃអាទិត្យមាន៣៧នាក់ តែនៅព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភានេះបានកើនដល់៤១នាក់ ខណៈដែលក្រុមអ្នកជួយសង្រ្គោះកំពុងតាមស្វែងរកអ្នកបាត់ខ្លួន១៧នាក់។
ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដី រួមជាមួយកម្អែភ្នំភ្លើងត្រជាក់ហូរចេញពីភ្នំភ្លើង Marapi បានវាយប្រហារលើស្រុកចំនួន ២ នៅលើកោះ Sumatra កាលពីល្ងាចថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ដោយបង្ខំឱ្យមនុស្សជាច្រើនត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង។ ប៉ុន្តែតួលេខអ្នកត្រូវបានជម្លៀសខ្លួនមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
កាលពីខែធ្នូ ឆ្នាំ២០២៣ មនុស្សយ៉ាងហោច ២០នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីភ្នំភ្លើង Marapi បានផ្ទុះ ហើយការផ្ទុះភ្នំភ្លើងនេះជាបន្តបន្ទាប់ ក៏បានកើតឡើងផងដែរ៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)