ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបអ្នកកាសែតកម្ពុជាផ្តើមទស្សនកិច្ច ទីក្រុងហាណូយដើម្បីពង្រឹងបណ្តាញសារព័ត៌មានក្នុងតំបន់

ចែករំលែក៖

ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្លិបអ្នកកាសែតកម្ពុជា បានចេញដំណើរទៅកាន់ប្រទេសវៀតណាមហើយនៅ ថ្ងៃច័ន្ទនេះ ជាទស្សនកិច្ចចំពេលវេលាដែលអ្នកសារព័ត៌មានកំពុងដើរតួនាទីដ៏សំខាន់ក្នុងការផ្សព្វ ផ្សាយព័ត៌មានដែលពេញលេញ ត្រឹមត្រូវ និងប្រកបដោយវិជ្ជាជីវៈ។

ទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងតបតាមការអញ្ជើញរបស់សមាគមអ្នកកាសែតវៀតណាម (Vietnam Journalists Association – VJA) ដែលជាសមាគមតែមួយគត់នៅប្រទេសវៀតណាម ហើយជាដៃគូជាមួយក្លិបអ្នកកាសែតកម្ពុជា (Club of Cambodian Journalists – CCJ) ចាប់ តាំងពីឆ្នាំ២០១៨ មក។

ភាពជាដៃគូនេះ បានកើតឡើងភ្លាមៗក្រោយពី CCJ ទទួលបានការគាំទ្រជាឯកច្ឆ័ន្ធឱ្យ ចូលជាសមាជិកនៃសហព័ន្ធអ្នកកាសែតអាស៊ាន (Confederation of ASEAN Journalists) នា ដើមឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំមហាសន្និបាតអ្នកកាសែតអាស៊ាននៅក្នុងទីក្រុងបាងកក ប្រទេស ថៃ។ នាពេលនោះហើយដែលថ្នាក់ដឹកនាំ VJA និង ថ្នាក់ដឹកនាំ CCJ បានចាប់ផ្តើមពិភាក្សាអំពី ការបង្កើតភាពជាដៃគូដើម្បីបម្រើផលប្រយោជន៍វិស័យសារព័ត៌មានក្នុងតំបន់ផង និងដើម្បីសារព័ត៌ មាននៃប្រទេសទាំងពីរផង។

លោក ពុយ គា ប្រធានក្លិបអ្នកាសែតកម្ពុជា បានថ្លែងថា នៅក្នុងរយៈពេល៥ថ្ងៃនៅក្នុង ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៣-១៧ ខែឧសភា ក្លិបអ្នកកាសែតកម្ពុជា នឹងព្យាយាមដើរ តួនាទីជាស្ពានដើម្បីពង្រឹងទំនាក់ទំនងបណ្តាញសារព័ត៌មានក្នុងតំបន់-។

លោកបានបន្តថា រាល់ពេលដែលមានបញ្ហា ឬភាពចម្រូងចម្រាស់អ្វីមួយកើតឡើង អ្នក សារព័ត៌មានអាចជួយបន្ថយកម្ដៅ ឬសភាពការណ៍ដែលតឹងតែងឱ្យមកធូរស្រាលវិញបានតាម រយៈការចោទជាសំណួរទៅថ្នាក់ដឹកនាំ ឬប្រភពដែលផ្តល់ព័ត៌មានដែលមិនមានលក្ខណៈពង្រីក បញ្ហា ឬបង្កើនជាតិនិយមហួសពីអ្វីដែលថ្នាក់ដឹកនាំ ឬប្រភពផ្តល់ឱ្យ-។ តាមការគ្រោងទុក ថ្នាក់ដឹកនាំក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតវៀតណាម នឹងពិភាក្សាលើការវិវត្តន៍ថ្មីៗនៃវិស័យសារព័ត៌មានសម័យឌីជីថល ជាពិសេសការប្រើប្រាស់បញ្ញា សិប្បនិមិត្ត AI និងទស្សនកិច្ចទីតាំងសំខាន់ៗដែលទាក់ទងនឹងដំណើរការងារក្នុងវិស័យសារព័ត៌ មាន ដូចជាការិយាល័យទីភ្នាក់ងារព័ត៌មានវៀតណាម VNA សារមន្ទីរប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងស្វែងយល់ពីសក្តានុពលនៃរមណីយដ្ឋានទេសចរណ៍មួយចំនួននៅក្នុងទីក្រុងហាណូយ និងនៅ តំបន់ខ្ពង់រាបសាប៉ា ជាប់ព្រំដែនប្រទេសចិន ជាដើម។

ក្រៅពីសមាគមអ្នកកាសែតវៀតណាម ក្លិបអ្នកកាសែតកម្ពុជា ក៏ជាដៃគូរបស់សមាគមអ្នក កាសែតថៃ (Thai Journalists Association) ផងដែរ។ ក្លិបអ្នកកាសែតកម្ពុជាបានរៀបចំ សកម្មភាពការងារជាច្រើនជាមួយសមាគមអ្នកកាសែតថៃ ក្នុងពេលកន្លងមក ដើម្បីការផ្លាស់ប្តូរបទ ពិសោធន៍ ចំណេះដឹងផ្នែកសារព័ត៌មាន និងមិត្តភាព ព្រមទាំងដើម្បីផលប្រយោជន៍នៃប្រទេសជិត ខាងទាំងពីរផងដែរ។

ប្រតិភូ CCJ ដឹកនាំដោយ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, លោកស្រី ថុង សុវណ្ណរង្សីយ៍ អគ្គលេខាធិការ, លោក សៅ ភិរុណ, លោក ខៀវ កូឡា និងលោក លាង ដឺលុច ដែលជាសមាជិកគណៈកម្មាធិការនាយកនៃក្លិបអ្នកកាសែតកម្ពុជា សុទ្ធតែជាម្ចាស់ ជាក្បាលម៉ាស៊ីនដឹកនាំស្ថាប័នព័ត៌មាន និងជាផលិតករព័ត៌មានជាន់ខ្ពស់ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖