កាលពីថ្ងៃទី 13 ខែឧសភា នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong បានដាក់ពាក្យលាលែងពីតំណែងទៅប្រធានាធិបតីរបស់ប្រទេសនេះលោក Tharman Shanmugaratnam ហើយបាននិយាយថា គាត់និងរដ្ឋាភិបាលរបស់គាត់នឹងបញ្ចប់អាណត្តិនៅថ្ងៃទី15 ខែឧសភា។
នៅក្នុងលិខិតនោះ លោក Lee Hsien Loong បានតែងតាំងលោក Lawrence Wong (អាយុ 51 ឆ្នាំ) ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី ជំនួសលោកជានាយករដ្ឋមន្ត្រីចាប់ពីថ្ងៃទី15 ខែឧសភា ដោយចាប់ផ្តើមមេដឹកនាំជំនាន់ទី 4 នៃ “ប្រទេសកោះតោ”។ លោក Shanmugaratnam បានទទួលយកការលាលែងរបស់លោក Lee Hsien Loong ហើយបាននិយាយថា លោកនឹងតែងតាំងលោក Wong ជានាយករដ្ឋមន្ត្រី និងបង្កើតរដ្ឋាភិបាលថ្មី។
នៅថ្ងៃដដែលនោះ លោក Lawrence Wong បានប្រកាសពីការផ្លាស់ប្តូរមួយចំនួនក្នុងគណៈរដ្ឋមន្ត្រីនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Gan Kim Yong (អាយុ 65 ឆ្នាំ) នឹងត្រូវប្រគល់ភារកិច្ចបន្ថែមពីឧបនាយករដ្ឋមន្ត្រី។ លោក Gan Kim Yong ក៏នឹងកាន់តំណែងជាប្រធានធនាគារកណ្តាលសិង្ហបុរីផងដែរ។
កាលពីពីរឆ្នាំមុន លោក Lawrence Wong ត្រូវបានជ្រើសរើសជាមេដឹកនាំក្រុមជំនាន់ទី 4 នៃគណបក្សសកម្មភាពប្រជាជនដែលកំពុងកាន់អំណាច (PAP) ក្នុងប្រទេសសិង្ហបុរី ដោយបានត្រួសត្រាយផ្លូវឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីជំនាន់ក្រោយរបស់ប្រទេស។
លោក Wong មកពីគ្រួសារដែលមានជីវភាពធូរធារ ឪពុករបស់គាត់ជាអ្នកគ្រប់គ្រងផ្នែកលក់នៅក្រុមហ៊ុនឯកជនមួយ ហើយម្តាយរបស់គាត់ជាគ្រូបង្រៀន។ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិកដោយទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលសិង្ហបុរី គាត់បានត្រលប់ទៅប្រទេសរបស់គាត់ដើម្បីធ្វើការឱ្យរដ្ឋាភិបាលនៅឆ្នាំ 1997 ។
ឧបនាយករដ្ឋមន្ត្រី Wong បានធ្វើការជានាយកអាជ្ញាធរទីផ្សារថាមពលសិង្ហបុរី បន្ទាប់មកក្លាយជាលេខាផ្ទាល់របស់លោក Lee Hsien Loong ។ ក្នុងឆ្នាំ ២០១១ លោកត្រូវបានបោះឆ្នោតជ្រើសរើសជាតំណាងរាស្រ្ត បន្ទាប់មកត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងអប់រំ និងការពារជាតិ។ លោកបានជាប់ឆ្នោតជាសមាជិករដ្ឋសភាសាជាថ្មីក្នុងការបោះឆ្នោតសកលចំនួនពីរក្នុងឆ្នាំ ២០១៥ និងឆ្នាំ ២០២០ ហើយបានកាន់តំណែងរដ្ឋមន្ត្រីផ្សេងគ្នា។ នៅពេលដែលជំងឺរាតត្បាត COVID-19 បានផ្ទុះឡើងក្នុងឆ្នាំ 2020 គាត់ត្រូវបានជ្រើសរើសជាសហប្រធាននៃគណៈកម្មាធិការឆ្លើយតបនឹង COVID-19 ហើយកាន់តែទទួលបានការជឿទុកចិត្តពីប្រជាជនសិង្ហបុរីកាន់តែខ្លាំងឡើង។ អ្នកជំនាញវាយតម្លៃថា នេះជារយៈពេលដែលបានបង្កើតការជំរុញដ៏សំខាន់សម្រាប់អាជីពនយោបាយរបស់លោក Wong៕
ដោយ៖ ធីរីណា(រូបថត៖ TTXVN)