ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីអុីស្រាអែល៖ អ្នកស្លាប់ក្នុងសង្រ្គាមហ្កាហ្សាគឺជាក្រុមអ្នកប្រយុទ្ធហាម៉ាស់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុង podcast មួយថាជិតពាក់កណ្ដាលនៃចំនួនអ្នកស្លាប់ នៅក្នុងសង្រ្គាមហ្កាហ្សា គឺជាក្រុមអ្នកប្រយុទ្ធហាម៉ាស់ ដោយនៅតែរក្សាជំហរថាចំនួនជនស៊ីវិលស្លាប់ក្នុងសង្គ្រាមនេះមានតិចជាងតួលេខដែលផ្ដល់ដោយក្រុមមន្ត្រីហ្កាហ្សា។
បើតាមក្រុមមន្ត្រីសុខាភិបាលហ្កាហ្សា មនុស្សយ៉ាងហោច ៣៥ ០៩១នាក់ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមមានរយៈពេលជាង៧ខែមកនេះរវាងអ៉ីស្រាអែលនឹងក្រុមហាម៉ាស់។ ប៉ុន្តែនៅកិច្ចសម្ភាសន៍ក្នុង podcast មួយ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក ណេតាន់យ៉ាហ៊ូ បានអះអាងថាចំនួនអ្នកស្លាប់ក្នុងតំបន់ហ្កាហ្សាមានប្រហែល ៣០ ០០០នាក់ ហើយមានជិតពាក់កណ្ដាលនៃអ្នកស្លាប់គឺជាក្រុមអ្នកប្រយុទ្ធហាម៉ាស់។
ក្រុមមន្ត្រីហ្កាហ្សាមិនបានបង្ហើបពីតួលេខក្រុមអ្នកប្រយុទ្ធហាម៉ាស់ដែលបានស្លាប់នោះទេ ប៉ុន្តែតែងតែលើកឡើងជារឿយៗថាភាគច្រើននៃ អ្នកស្លាប់ក្នុងការទម្លាក់គ្រាប់បែក និងការវាយប្រហាររបស់អ៉ីស្រាអែល គឺជាស្ត្រីនិងកុមារ។ កាលពីខែមីនាកន្លងទៅ អំឡុងបទសម្ភាសន៍ជាមួយកាសែត Politico លោក ណេតាន់យ៉ាហ៊ូ ក៏ធ្លាប់អះអាងដែរថាក្រុមអ្នកប្រយុទ្ធហាម៉ាស់ ១៣០០០នាក់ត្រូវបានសម្លាប់និងជនស៊ីវិលស្លាប់មានតិចជាង ២០០០០នាក់ ខណៈនៅពេលនោះក្រសួងសុខាភិបាលហ្កាហ្សាបញ្ជាក់ថាអ្នកស្លាប់មានចំនួន ៣១ ០៤៥នាក់៕ ដោយ៖ ធីរីណា

រូប​ថត​៖ VOV.VN


ចែករំលែក៖