ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសម្នាក់មិនដឹងមានរឿងអ្វីបានបើករថយន្តមកឈប់ហើយដកកាំភ្លើងខ្លីបាញ់មេឃ២គ្រាប់រួចបើករថយន្តទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ មិនដឹងមានរឿងអ្វីទេ បានដកកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាកបាញ់ឡើងលើពីរគ្រាប់ តែផ្ទុះមួយគ្រាប់ស្អុយមួយគ្រាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជនជាតិបរទេសម្នាក់មិនស្គាល់អត្តសញ្ញាណជិះរថយន្ដមួយគ្រឿងមិនចាំស្លាកលេខ មិនដឹងមកពីណាហើយខឹងសម្បារឿងអ្វីនោះទេបានជិះរថយន្ដមកឈប់នៅកន្លែងកើតហេតុ រួចបានចុះពីលើរថយន្ដដកកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាកបាញ់ឡើងលើគំរាមមេឃពីរគ្រាប់ តែផ្ទុះមួយគ្រាប់ស្អុយមួយគ្រាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុប្រមូលសំបកគ្រាប់យកមករក្សាទុកដើម្បីតាមស្វែងរកជនបង្កយកមកចាត់ការតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖