ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនស្ត្រីម្នាក់ទៅកាន់តុលាការហើយ ពាក់ព័ន្ធបទល្មើស ក្លែងបន្លំជានគរបាលជាតិ និងបោកប្រាស់លុយកាក់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជូនស្ត្រីម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស ក្លែងបន្លំជានគរបាលជាតិ និង និងបន្លំជាកូនចៅរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញដើម្បីបោកប្រាស់លុយកាក់ប្រជាពលរដ្ឋ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឃុត ដាវី មានទីលំនៅផ្ទះលេខ១១បេ ផ្លូវ០១ បុរីការ៉ាវិនថោន សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

 សូមបញ្ជាក់ថា ស្រ្តីម្នាក់ ដែលបានចូលខ្លួនសារភាពនៅកន្លែងសមត្ថកិច្ចកាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ជុំវិញការចោទប្រកាន់បោកប្រាស់លុយកាក់ពីប្រជាពលរដ្ឋអស់ជាច្រើន និងគ្រងឯកសណ្ឋាននគរបាលជាតិក្លែងបន្លំដើម្បីឆបោកប្រជាពលរដ្ឋដែលមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ត្រូវបានកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការអនុញ្ញាតពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណី៖

១-ប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាលឬយោធា(ថតរូបពាក់ឯកសណ្ឋាននគរបាលជាតិថ្នាក់វរសេនីយ៍ទោក្លែងក្លាយ) កាលពីឆ្នាំ២០១៩ ។

២-ឆបោក ប្រាក់ចំនួន២១,២០០ដុល្លារអាមេរិក (ពីរម៉ឺនមួយពាន់ពីររយ)កាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ 

-យករូបថតឯកឧត្តមឧត្តមសេនីយ៍ឯក  ជួន ណារិន្ទ  ទៅបង្កើតតេឡេក្រាមក្លែងក្លាយ ដើម្បីខ្ចីប្រាក់ពីដើមបណ្តឹង ។

៣-រំលោភលើទំនុកចិត្ត យកប្រាក់ចំនួន ៤៣៥០ដុល្លារអាមេរិក កាលពីឆ្នាំ២០២២ ។

៤- បន្លំ (ទិញធូរេនមិនឲ្យប្រាក់ចំនួន២៣១២០០រៀល) កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ។ ការឃាត់ខ្លួនស្រ្តីសង្ស័យសមត្ថកិច្ចអនុវត្តតាមបណ្តឹងរបស់ជនរងគ្រោះ ក្នុងអំពើឆបោកដែលបានប្រព្រឹត្តដោយស្រ្តីសង្ស័យ និងផ្អែកតាមចម្លើយសារភាពចំពោះមុខសមត្ថកិច្ច របស់ស្រ្តីសង្ស័យ។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖