ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ស្គាល់អត្តសញ្ញាណជនជាតិចិនដែលធ្លាក់ពីលើខុនដូឌីវីជីក្បែរស្ពានកោះនរាហើយ ដោយសារធ្វើអត្តឃាលោតសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើល ប្រទះឃើញជនជាតិបរទេស (ជនជាតិចិន) ស្លាប់ សង្ស័យធ្លាក់ពីលើសំណង់អគារ កំពុងសាងសង់ កាលពីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ស្ថិតត្រង់ចំណុចការដ្ឋានសំណង់ ឌីវីជី កោះពេជ្រ គល់ស្ពានកោះនរា ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញស្នងការក្រុងភ្នំពេញ គ្រូពេទ្យ ចុះទៅពិនិត្យស្រាវជ្រាវ ធ្វើកោសល្យវិច័យ ស្គាល់អត្តសញ្ញាណ ជនរងគ្រោះ គឺដោយសារធ្វើអត្តឃាតលោតសម្លាប់ខ្លួន ។នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ JIN QING អាយុ៥២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE4087602 ។ យោងតាមការសន្និដ្ឋាន ជនរងគ្រោះបានធ្លាក់ពីលើសំណង់អគារជាន់ទី៦ បោកក្បាលស្លាប់ភ្លាមៗនៅកន្លែង ។

ប្រភពពីសន្តិសុខយាមរោងការក្បែរនោះ ខណៈដែលកំពុងយាម មានជនបរទេស២នាក់ដើរហាត់ប្រាណ មកប្រាប់និងចង្អុលឱ្យមើល ស្រាប់តែប្រទះឃើញសពជនរងគ្រោះ រាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង ។

សពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញគ្រូពេទ្យ ពិនិត្យកោសល្យវិច័យរួច បានដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ និងបន្តធ្វើការស្រាវជ្រាវ លុះនៅម៉ោង៣និង២០នាទីរសៀលម្សិលមិញនេះ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖