ពីវេទិកាអធិបតីនៃពិធីបើក សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ សហការរៀបចំដោយក្រសួងមហាផ្ទៃ និងអង្គការយូនីសេហ្វ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអង្គការយូនីសេហ្វ ជាមួយស្ថាប័ននានានៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់គុណភាពសេវាសង្គម និងកិច្ចគាំពារកុមារឱ្យកាន់តែមានប្រសិទ្ធភាព។
អង្គការយូនីសេហ្វ បានចាប់ផ្តើមធ្វើការដោយផ្ទាល់ជាមួយក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគម្រោងលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងគម្រោងកិច្ចការពារកុមារ ចាប់ពីឆ្នាំ២០១៨មក។ អង្គការអន្តរជាតិមួយនេះ បានធ្វើកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ វិស័យសុខាភិបាល កម្មវិធីអាហារូបត្ថម្ភ វិស័យទឹកស្អាតនិងអនាម័យ មានទំហំថវិកាសរុបជាមធ្យមក្នុងរង្វង់ ២០លានដុល្លារក្នុងមួយឆ្នាំ។ នេះបើតាមរបាយការណ៍ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងសិក្ខាសាលា ដែលប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ។
សិក្ខាសាលានាថ្ងៃនេះ គឺជាការបន្តបេសកកម្មរវាងយូនីសេហ្វនិងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធមានការយល់ដឹងកាន់តែច្បាស់ និងគ្រប់ជ្រុងជ្រោយអំពី អភិក្រមនៃរដ្ឋបាលថ្នាក់ក្រោមជាតិ លើភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់ប្រព័ន្ធអភិបាលកិច្ចល្អនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២៤ ដល់២០២៨ និងដើម្បីធានាឱ្យការអនុវត្តផែនការរំកិលរយៈពេល២ ឆ្នាំ២០២៤-២០២៥ និងផែនការឆ្នាំបន្តបន្ទាប់ប្រព្រឹត្តទៅដោយរលូន ដោយផ្ដោតលើខេត្តគោលដៅចំនួន៦ រួមមាន ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។
លោកបណ្ឌិត វីល ផាកស៍ នាយកអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការបន្តកិច្ចសហប្រតិបត្តិការនេះ និងបានបង្ហាញការកត់សម្គាល់ថា កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកម្ពស់សិទ្ធិកុមារ និងទទួលបានការវាយតម្លៃជាវិជ្ជមានពីអង្គការសហប្រជាជាតិផងដែរ។ លោកក៏បង្ហាញការកត់សម្គាល់អំពីយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក៏បានដាក់បញ្ចូលនូវយន្តការធានាការអភិវឌ្ឍធនធានមនុស្ស រួមទាំងគោលនយោបាយគាំពារកុមារ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណចំពោះការគាំទ្រ កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការដ៏ល្អរបស់អង្គការយូនីសេហ្វ ជាមួយរាជរដ្ឋាភិបាលកម្ពុជាកន្លងមក ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសស្ត្រីជាម្តាយ និងកុមារ ព្រមទាំងជនងាយរងគ្រោះផ្សេងៗទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាប្រកបដោយចីរភាព និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ៕
ដោយ៖ សូរិយា